ដោយ: គង់ លាងហួរ
គូឡាឡាំពួៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ីគ្រោងអនុវត្តន៍កំណែទម្រង់នៅឆ្នាំនេះ ដើម្បីបង្កភាពងាយស្រួល ដល់ក្រុមហ៊ុននានាក្នុងការចុះបញ្ជីនៅផ្សារហ៊ុនជាតិ ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងនៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មមួយថា និយតករមូលបត្រ និងផ្សារហ៊ុននឹងពន្លឿនដំណើរការនៃការបោះផ្សាយមូលបត្រ ជាសាធារណៈលើកដំបូង (IPO) ដើម្បីធានាបាននូវការប្រកួតប្រជែង និងភាពទាក់ទាញរបស់ប្រទេសម៉ាឡេស៊ី។
លោកក៏បានប្រកាសកាត់បន្ថយការបង់ ពន្ធប្រថាប់ត្រាសម្រាប់ភាគហ៊ុន ដែលត្រូវបានជួញដូរនៅផ្សារហ៊ុន Bursa Malaysia ដើម្បីបង្កើនចំណាប់អារម្មណ៍របស់វិនិយោគិនផងដែរ។
លោកបានបន្តថា ចាប់ពីខែកក្កដាខាងមុខ ពន្ធប្រថាប់ត្រានឹងត្រូវកាត់បន្ថយពី០,១៥ភាគរយ បច្ចុប្បន្នមកត្រឹម០,១០ភាគរយ នៃតម្លៃកិច្ចសន្យា។ លោកបន្តថា “ការផ្លាស់ប្តូរនេះនឹងកាត់បន្ថយដោយផ្ទាល់ នូវការចំណាយលើប្រតិបត្តិការមូលបត្រ និងធ្វើឱ្យទីផ្សារភាគហ៊ុនម៉ាឡេស៊ីកាន់តែមានភាពប្រកួតប្រជែង”។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងសម្លឹងមើលទៅកាន់គោលនយោបាយ ដើម្បីទាក់ទាញការិយាល័យគ្រួសារ(family offices)ទៅប្រទេសម៉ាឡេស៊ី និងកែលម្អភាពងាយស្រួល ក្នុងការធ្វើអាជីវកម្មផងដែរ។
ចាប់តាំងពីឡើងកាន់អំណាច ក្នុងខែវិច្ឆិកាឆ្នាំមុនមក រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានចាប់ផ្ដើមធ្វើកំណែទម្រង់ច្បាប់ និងសេដ្ឋកិច្ចមួយចំនួន ដូចជាការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ក្រុមអ្នកមាន និងការលុបចោលទោសប្រហារជីវិតជាកាតព្វកិច្ច៕






