ដោយៈ គង់ ម៉ាលីនណា
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុមកដល់ពេលនេះ នៅតែជាគោលដៅចាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់វិនិយោគ ដោយសាររាជរដ្ឋាភិបាលបានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្រោមការគាំទ្របច្ចេកទេសពីវិទ្យាស្ថាន ស៊ិនជិន (ប្រទេសចិន)ឈានស្ទើរទៅបញ្ចប់ការរៀបចំផែនការមេ នៅតែរង់ចាំការសម្រិតសម្រាំង ពិនិត្យសម្រេចចុងក្រោយ និងសុំការគាំទ្រពីរាជរដ្ឋាភិបាល។
លោកថ្លែងបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយសមាជិកសភាពាណិជ្ជកម្មកម្ពុជាកាលពីដើសប្តាហ៍នេះ។លោកគួច ចំរើនបានបន្តថា នៅពេលផែនការមេនេះបញ្ចប់ និងអនុម័តពីរដ្ឋាភិបាល ដើម្បីដាក់ឱ្យប្រើប្រាស់ គឺជាត្រីវិស័យដ៏សំខាន់ សម្រាប់ចង្អុលទិសអភិវឌ្ឍនៅខេត្តព្រះសីហនុរបស់យើង។ លោកបន្តថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានយកចិត្តទុកដាក់ពីក្រុមប្រឹក្សាអភិបឌ្ឍន៍កម្ពុជា(CDC) បានកំពុងខិតខំជំរុញលើកទឹកចិត្ត ដើម្បីឱ្យអនុវត្តឱ្យបានពេញលេញ និងជាការគាំទ្រដោយផ្ទាល់ ទទួលបានអត្ថប្រយោជន៍ ពីការគិតគូររបស់រាជរដ្ឋាភិបាល ហើយមានអ្នកវិនិយោគ កំពុងចាប់យកឱកាសធ្វើការវិនិយោគប្រមូលផ្តុំចំនួន៣ នៅខេត្តរបស់យើង។
លោកបានបញ្ជាក់ថា មានក្រុមហ៊ុនមួយកំពុងបានរៀបចំកែលម្អតារាងវាយកូនហ្គោល នៅតំបន់រាម ដែលការវិនិយោគជាផ្នែកមួយ នៃការទាក់ទាញផលិតផលទេស ចរណ៍មួយថ្មីសម្រាប់ខេត្តរបស់យើងផងដែរ នៅខាងមុខទីលានតេជោ កំពុងរៀបចំបើកការដ្ឋានសាងសង់រួមមានដូចជា សណ្ឋាគារ ខុនដូ ផ្សារ សួនចញ្ចឹមត្រី វាបានផ្តល់ផលិត ផលទេសចរណ៍មួយយ៉ាងធំធេង ហើយគម្រោងនេះគ្រោងបើកការដ្ឋាននៅចុងឆ្នាំ២០២៣ខាងមុខនេះ។ជាមួយគ្នានេះ មានផ្សារនៅពីខាងក្រោយយើង កំពុងធ្វើការវិនិយោគ ហើយវាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ថ្មីមួយនៅខេត្តព្រះសីហនុ ដែលពួកគាត់ចាប់យកឱកាសវិនិយោគ នៅខេត្តព្រះសីហនុ ដែលមានសក្តានុពល ហើយក៏ជាការលើកមុខមាត់ខេត្តព្រះសីហនុ។ ដូច្នេះសភាពាណិជ្ជកម្ម មានភារកិច្ចក្នុងការធ្វើទំនាក់ទំនងជាមួយវិនិយោគ និងត្រូវដឹងអំពីចំនួន និងគោលបំណងគោលដៅវិនិយោគថ្មីប៉ុន្មាន ចាស់ប៉ុន្មានដែលកំពុងបន្តរកស៊ីនៅខេត្ត។
លោកបានបន្តថា បើសភាពាណិជ្ជកម្មរបស់យើង គ្រប់គ្រងបញ្ហាទាំងនេះបាន ធ្វើឱ្យស្ថានភាពអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត យើងមានលទ្ធភាពចែករំលែកព័ត៌មានល្អៗដល់អ្នកវិនិយោគ ហើយរដ្ឋបាលខេត្តលើកទឹកចិត្ត និងគាំទ្រដល់អ្នកវិនិយោគ ដែលមានបំណងមកធ្វើការវិនិយោគ នៅខេត្តព្រះសីហនុ៕