ដោយៈ ជេស៊ីកា
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានថ្លែងថា ក្រុមអ្នកជំនាញផ្នែកនគរូបនីយកម្ម បានរៀបចំផែនការ និងតំរង់ទិស យកតំបន់រាម និងតំបន់មួយចំនួនទៀតជាទីក្រុងថ្មី។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី២៧ កក្កដាថា ក្រៅពីតំបន់រាម អ្នកជំនាញបានចង្អុលបង្ហាញតំបន់ពយម៉ាចូវ តំបន់អូរត្រេះ ជាតំបន់ទីក្រុងថ្មី ប៉ុន្តែមិនមែន រដ្ឋាភិបាលបង្កើតទីក្រុងថ្មីនៅទីនោះទេ វាជាការសិក្សាតំរង់ទិសខាងហ្នុង ហើយរដ្ឋាភិបាលបានវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នោះ។លោកបញ្ជាក់ថា “ការវិនិយោគបាន និងកំពុងបំបែកទៅតំបន់នោះ ហើយគំរោងBay Of Light វាជាផ្នែកមួយនៃការរៀបចំទីក្រុងថ្មីទៅកាន់ទីនោះតាមអ្នកជំនាញ”។ លោកបន្តថា “ប៉ុន្តែវាមិនមែនBay Of Lightជាទីក្រុងថ្មីនៅតំបន់នោះទេ តែជាផ្នែកមួយនៃការចង្អុលបង្ហាញរបស់អ្នកជំនាញ ក្នុងការរៀបចំទីក្រុងថ្មីនៅតំបន់នោះ”។
លោកឡុង ឌីម៉ង់បានបន្តថា នេះគ្រាន់តែជាការចង្អុលបង្ហាញរបស់អ្នកជំនាញផ្នែកនគរូបនីយកម្ម ប៉ុន្តែមិនមែនត្រូវរើសាលាខេត្ត និងមន្ទីរពាក់ព័ន្ឋទៅកាន់តំបន់នោះទេ តែជាការធ្វើឡើងស្របតាមការតំរង់ទិសរបស់អ្នកជំនាញ៕