ភ្នំពេញ, ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់អនឡាញរបស់ខ្លួន ដែលហៅកាត់ថា «HatthaPay» ក្នុងគោលដៅផ្ដល់ជូនបទពិសោធនៃការទូទាត់ទំនិញអនឡាញកាន់តែងាយស្រួល និងសុវត្ថិភាពថែមមួយកម្រិតទៀត សម្រាប់អតិថិជនមានស្រាប់ និងអតិថិជនថ្មីរបស់ខ្លួន។
ប្រព័ន្ធ HatthaPay នឹងត្រូវសមាហរណកម្មជាមួយនឹងបណ្ដាកម្មវិធី E-commerce (កម្មវិធីទិញទំនិញឬសេវាកម្មតាមអនឡាញ) ពេញនិយមទាំងអស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដែលអាចឱ្យអតិថិជនធ្វើការបង់ប្រាក់ភ្លាមៗ និងរហ័សទាន់ចិត្ត តាមរយៈជំហានងាយៗខ្លីៗ នៅលើកម្មវិធី E-commerce របស់ពួកគេដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើការកំណត់វិធីបង់ប្រាក់ បញ្ចូលចំនួនទឹកប្រាក់ ឬប្តូរទៅកាន់កម្មវិធីធនាគារចល័តរបស់ពួកគេដើម្បីទូទាត់ប្រាក់ឡើយ។
លោក យឹម ទិត្យា អគ្គនាយកនៃអគ្គនាយកដ្ឋានឌីជីថល របស់ ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «បទពិសោធនៃការប្រើប្រាស់របស់អតិថិជន គឺជាអាទិភាពទី១នៃការអភិវឌ្ឍផលិតផលធនាគារឌីជីថលរបស់យើង។ ពួកយើងបង្កើតប្រព័ន្ធ HatthaPay នេះឡើង ក្នុងគោលបំណងផ្ដល់ជូនអតិថិជននូវបទពិសោធនៃការទូទាត់ទំនិញអនឡាញ ដែលមានលក្ខណៈសាមញ្ញ រហ័ស និងសុវត្ថិភាពតាមដែលអាចធ្វើបាន តាមរយៈការសម្រួលជំហាននៃការបង់ប្រាក់ឱ្យខ្លីជាងមុន និងការកាត់បន្ថយតម្រូវការនៃការវាយបញ្ចូលព័ត៌មានដោយផ្ទាល់ពីសំណាក់អតិថិជនឱ្យស្ថិតក្នុងកម្រិតទាបបំផុត។» លោកបានបន្តទៀតថា៖ «ដើម្បីទទួលបានបទពិសោធនៃទូទាត់តាមអនឡាញនេះ អតិថិជនគ្រាន់តែមានគណនីជាមួយ Hattha Mobile ជាការស្រេច។»







