តែម សុខុម
ប៉េកាំង: តម្លៃផ្ទះថ្មីនៅប្រទេសចិន បានធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះកាលពីខែកក្កដា ជាទិន្នន័យចុងក្រោយបំផុតដែលបង្ហាញពីការបាត់បង់យ៉ាងឆាប់រហ័សនូវសន្ទុះសេដ្ឋកិច្ចនៃប្រទេសនេះ និងភាពចាំបាច់ដែលត្រូវដាក់ចេញគោលនយោបាយគាំទ្រកាន់តែម៉ឺងម៉ាត់ជាបន្ទាន់ ដើម្បីជំរុញសកម្មភាពក្នុងទីផ្សារ។
ការធ្លាក់ចុះ០,២%នៃតម្លៃផ្ទះថ្មីនេះកើតមានឡើង ស្របពេលវិបត្តិបំណុលកាន់តែអាក្រក់ទៅៗនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យ និងការលក់ផ្ទះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ សីហា។
អ្នកវិភាគភាគច្រើនរំពឹងថា តម្លៃផ្ទះ និងការលក់ផ្ទះនឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខដែលបង្កបញ្ហាប្រឈមដល់ក្រុមអ្នកបង្កើតគោលនយោបាយ ខណៈវិស័យជាច្រើននៃសេដ្ឋកិច្ចចិន ប្រឈមនឹងសម្ពាធកាន់តែខ្លាំងស្របពេលតម្រូវការធ្លាក់ចុះ។
ទិន្នន័យកាលពីថ្ងៃអង្គារ ទី១៥ ខែសីហា នេះបន្ថែមពីលើសូចនាករសេដ្ឋកិច្ចទន់ខ្សោយក្នុងរយៈពេលប្រមាណមួយខែកន្លងទៅនេះ ហើយបានធ្វើឱ្យក្រុមអ្នកឃ្លាំមើលស្ថានការណ៍ចិន បង្កើនការអំពាវនាវឱ្យអាជ្ញាធរចិន ដាក់ចេញវិធានការគាំទ្រកាន់តែរឹងមាំដើម្បីទប់កំណើនដែលកំពុងដើរថយចុះ។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលធ្លាប់ជាសសរស្តម្ភដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចចិន នៅតែជួបការលំបាល ទោះបីជាមានការពង្រីកជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងគ្រឿងលើកទឹកចិត្តសម្រាប់អ្នកទិញផ្ទះដំបូង និងអ្នកកែជួសជុលលម្អផ្ទះយ៉ាងណាក្ដី។
ក្នុងចំណោមទីក្រុងចំនួន៧០ មាន៤៩ទីក្រុងដែលបានជួបបញ្ហាតម្លៃផ្ទះថ្មីធ្លាក់ចុះក្នុងខែកក្កដា បើធៀបនឹង៣៨ទីក្រុងកាលពីខែមិថុនា៕ Reuters៕