ដោយៈ គង់ សូរិយា
កណ្តាលៈ អ្នកអភិវឌ្ឍន៍បុរី បាននិងកំពុងដាក់ចេញយុទ្ឋសាស្រ្តខុសៗគ្នា អាស្រ័យលើស្ថានភាពទីផ្សារ ទុនវិនិនិយោគ និងទីតាំងភូមិសាស្រ្ត។
លោកថាន់ ចាន់ណាអគ្គនាយកបុរីចាន់ណា លែនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២១ សីហាថា ដំណើរការនៃការអភិវឌ្ឍនិងការលក់បុរីរបស់យើង នៅតែមានភាពល្អប្រសើរ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងភាពមិនច្បាស់លាស់ក្តី។
-->
លោកបន្តថា អ្វីដែលយើងផ្តោតគឺ ទី១ មូលដ្ឋានទុនរឹងមាំ និងគុណភាពសំណង់ជាចម្បង ទី២ ជាការអភិវឌ្ឍនៅតំបន់ទីប្រជុំជន មានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឲ្យអ្នកទិញលំនៅដ្ឋានក្នុងបុរី របស់យើងអាចរកស៊ី ឬប្រកបអាជីវកម្មបាន ទី៣ លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ដោយអតិថិជនបង់ត្រឹម២០ភាគរយ ពួកគេអាចប្រើប្រាស់ឥណទានបន្តពីធនាគារជាដៃគូរបស់យើងបាន។
បុរីចាន់ណា លែនអភិវឌ្ឍន៍ឡើងនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំបន់ដែលកំពុងមានការអភិវឌ្ឍលឿន ស្របពេលផ្លូវជាតិលេខ៨បាន និងកំពុងពង្រីកជាបួនគន្លងនៅតំបន់នោះ។
លោកថាន់ ចាន់ណាបានបន្តថា បុរីចាន់ណាលែន ផ្តោតលើអតិថិជនមានជីវភាពមធ្យមចុះ ដែលពួកគាត់ភាគច្រើនមិនសូវរងផលប៉ះពាល់ពីវិបត្តិប៉ុន្មានឡើយ ហើយប្រជាជនស្រទាប់នេះ តំណាងឲ្យប្រមាណ៧០ភាគរយ នៃប្រជាជនទូទាំងប្រទេស។
បុរីចាន់ណាលែន មានតម្លៃត្រឹមជាង៤០,០០០ ទៅជាង៥០,០០០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ហើយអ្វីកាន់តែពិសេសគឺបន្ទាប់ពីអតិថិជនបង់ប្រាក់ត្រឹម២០ភាគរយ ពួកគាត់នឹងទទួលបានប្លង់រឹង ដែលអាចយកទៅប្រើប្រាស់ សម្រាប់ខ្ចីឥណទានពីធនាគារនានាបាន៕
