គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៨ត្រូវបានជម្រុញយកចិត្ត ទុកដាក់ជាអាទិភាព

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គំរោងហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិធំៗ មានដូចជា ព្រែកជីកហ្វូណនតេជោ គំរោងផ្លូវល្បឿនលឿន រថភ្លើងលើអាកាស ជាដើម ត្រូវបានជម្រុញឲ្យយកចិត្តទុកដាក់ជាអាទិភាព។

ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងក្នុងពិធីបិទសន្និបាតក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៩ កុម្ភៈ ដោយបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិសក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងជួយឱ្យក្រសួងអនុវត្តសម្រេចបានជោគជ័យ ជាចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

លោកបន្តថា គម្រោងអទិភាពដែលក្រសួងសាធារណៈការត្រូវពិនិត្យយកចិត្តទុកដាក់មាន ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប -ប៉ោយប៉ែត គម្រោងសិក្សាផ្លូវរទះភ្លើងធុនស្រាលភ្នំពេញ -ព្រលានយន្តហោះភ្នំពេញថ្មី  គម្រោងសិក្សាផ្លូវរទះភ្លើងធុនស្រាលសៀមរាប -ព្រលានយន្តហោះសៀមរាបអង្គរ គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងក្រុងភ្នំពេញ គម្រោងសិក្សាលើកកម្រិតផ្លូវ រថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាផ្លូវដែកល្បឿនលឿនភាគខាងជើង និងគម្រោងសាងសង់ផែកុងតឺន័រក្នុងក្រុងព្រះសីហនុជាដើម។ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានផ្តល់អនុសាសន៍ចំនួន១២ចំណុច ដើម្បីតម្រង់ទិសមាន ដូចជា ទី១ ខិតខំពន្លឿន និងជំរុញនីតិវិធីក្នុងការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ ដែលជាឥណទានសម្បទាន និងហិរញ្ញប្បទាន ឥតសំណងរបស់បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា។

ទី២ បន្តជំរុញការតាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលកំពុងដំណើរការសាងសង់ ដើម្បីបញ្ចប់ឱ្យបានតាមផែនការគ្រោងទុក និងធានាបាននូវគុណភាព ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

ទី៣ ជំរុញការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ថានីយចម្រោះទឹកកខ្វក់ ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ចៀ​ស និងគ្រប់គ្រងហានិភ័យនៃការជន់លិច ព្រមទាំងលើកកម្ពស់អនាម័យនៅតាមទីក្រុងសំខាន់ៗ។ ទី៤ ជំរុញកិច្ចសហការរបស់ក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ទី៥ ជំរុញការអភិវឌ្ឍលើប្រតិបត្តិការ ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ តាមរយៈការពិនិត្យលទ្ធភាពធ្វើការតភ្ជាប់ ប្រទាក់ក្រឡាជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ។ ទី៦ ជំរុញអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ជាពិសេសគម្រោងអាទិភាពដែលបានកំណត់នៅក្នុងផែនការមេនេះ ក្នុងចំណោម ១៧៤គម្រោង។

ទី៧. ជំរុញ និងបន្តសហការជាមួយក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំ និងអនុម័តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយ។ន្តអគ្គិសនី(EV)។ ទី៨ ជំរុញការងារត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមរយៈយន្តការមួយចំនួន ដែលក្រសួងបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងពន្លឿននីតិវិធីក្នុងការរៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យសមស្របទៅនឹងការវិវត្តរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។

ទី៩ បន្តជំរុញការផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរស័ព្ទដៃ ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រា ចរាចរណ៍ឱ្យនៅកម្រិតអប្បបរមា។

ទី១០ បន្តពង្រឹងការអភិវឌ្ឍធនធានមនុស្ស ទំាងបរិមាណ និងទាំងគុណភាព តាមរយៈការលើកកម្ពស់គុណភាព នៃការបណ្ដុះបណ្ដា​លទៅលើជំនាញ និងសមត្ថភាពរបស់មន្ត្រី ស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។

ទី១១ ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទី១២. ពិនិត្យលទ្ធភាពបន្ថែមក្នុងការពង្រីកវិសាលភាព នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ការតាមដាននិងត្រួតពិនិត្យការអនុវត្តគម្រោង និងការគ្រប់គ្រងលំហូរទិន្នន័យឯកសារជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here