រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់២៥៧លានដុល្លារ ដើម្បីផលិតទឹកស្អាតនៅជាយក្រុងភ្នំពេញ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាសរុបចំនួន២៥៧លានដុល្លារ សម្រាប់គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ “រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់ជំហានទី៣”កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា ជុំវិញគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងជំហានទី២ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ គឺជាគម្រោងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតរបស់កម្ពុជា ដោយបានចំណាយ ពេលក្នុងការសាងសង់អស់រយៈពេល២៦ខែ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងជំហានទី២ មានសមត្ថភាពផលិតទឹកស្អាត បានចំនួន១៩៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលគម្រោងនេះ បានចាប់ផ្តើមដំណើរការសាកល្បងកាលពីខែ តុលា ឆ្នាំ ២០២៣ កន្លងមក ។ ចំណែកគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានបើកការដ្ឋានសាងសង់នាពេលនេះ នឹងគ្រោងប្រើថវិកាសរុបចំនួន ២៥៧ លានដុល្លារ។

ក្នុងទំហំទឹកប្រាក់ខាងលើ ទទួលបានប្រាក់កម្ចីចំនួន២១០លានដុល្លារពីទីភ្នាក់ងារAFD។ ចំនួន៥លានដុល្លារ ដែលនៅសល់ពីជំហានទី១ និងជំហានទី២ របស់AFD និងការវិនិយោគចំនួន៤២លានដុល្លារ ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទន្ទឹមនឹងនេះ, សហភាពអឺរ៉ុបគ្រោងផ្តល់ជំនួយ ឥតសំណងចំនួន១២ លានដុល្លារសម្រាប់គម្រោងនេះផងដែរ។ទាក់ទិនគម្រោងខាងលើនេះដែរ លោកឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹក ស្វយ័​​តក្រុងភ្នំពេញបានលើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងជំហានទី២ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបំពេញនូវតំបន់សេវាដែលនៅសេសសល់ ក្នុងនោះសម្រាប់ជំហានទី៣វិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូរឲ្យផលិតកម្មទឹកស្អាត ឲ្យឆ្លើយតបទៅ និងតម្រូវការនៃប្រជាជនប្រើប្រាស់ ក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះនឹងចាប់ ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ខាងមុខ ។

ចំណែកលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យក្រុមប្រឹក្សា​ភិបាល, ថ្នាក់ដឹកនាំ និងមន្ត្រី-និយោជិតគ្រប់លំដាប់ថ្នាក់នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តយកចិត្តទុកដាក់លើការងា​រអាទិភាពមួយចំនួន ដោយក្នុងនោះក្រសួង-ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត សំដៅធានាឲ្យបាននូវប្រភពទឹកគ្រប់គ្រាន់, ដោយមិនបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន។

លោកបន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងរដ្ឋាករ ទឹកស្វយ័តក្រុង ភ្នំពេញ ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត តាមប្រព័ន្ធបណ្តាញមេជូនដល់ប្រជាពលរដ្ឋ, ទាំងនៅទីប្រជុំជន និងក្រៅទី ប្រជុំជន,តាមរយៈការលើកទឹកចិត្ត ឲ្យវិស័យឯកជនចូលរួមវិនិយោគបន្ថែមក្នុងការផលិតទឹកស្អាត ទាំងខ្នាតធំ និងមធ្យម, ដើម្បីជួយ ផ្គត់ផ្គង់ទឹកស្អាតដល់តំបន់ ដែលប្រឈមនឹងកង្វះទឹក និងត្រូវបន្តអនុវត្តន៍ គោលនយោបាយតម្លៃទឹកស្អាត ដោយត្រូវផ្តល់អាទិភាពដល់ ប្រជាពលរដ្ឋដែលមានចំណូលទាប រួមទាំងកម្មករ-និយោជិត និងសិស្ស-និស្សិត ឲ្យទទួលបានទឹកស្អាតប្រើប្រាស់ក្នុងថ្លៃសមរម្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here