សម្តេចតេជោអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើការបំពុលតាមរយៈបណ្តាញសង្គម

ចែករំលែក

ដោយៈ គង់ សូរិយា

សៀមរាបៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា បានអំពាវនាវដល់ប្រជាពលរដ្ឋ “បង្កើនការប្រុងប្រយ័ត្ន” លើការបំពុលសង្គមតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានច្រើនស្ទើរគ្រប់ទីកន្លែង។

ការអំពាវនាវរបស់សម្តេច បានធ្វើឡើងក្រោយពីមានក្រុមជនទុច្ចរិត បានបង្កើតគណនីក្លែងក្លាយ ដោយយករូបសម្តេចទៅប្រើ។

ជាមួយគ្នានោះ សម្តេចតេជោ បានណែនាំឱ្យប្រជាពលរដ្ឋ មុននឹងជឿលើអ្វីមួយ “ត្រូវគិតពិចារណា អោយបានហ្មត់ចត់បំផុត”។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ បានលើកឡើងថា “ព័ត៌មានមិនពិត (Fake News) បងប្អូនមួយចំនួនអាចបានទទួលព័ត៌មានជាមួយរូបភាព ដូចភ្ជាប់មកជាមួយនេះ ដែលមានរូប ប្រមុខដឹកនាំកម្ពុជា ជាមួយនឹងខ្លឹមសារណែនាំអោយចុះឈ្មោះចូលតាមតំណ (link) ថានឹង ទទួលបានប្រាក់រង្វាន់ $500 ។ នេះជាព័ត៌មានមិនពិត (fake news)។

កុំចុចចូល (link) នោះដាច់ខាត។ ជនទុច្ចរិតអាចមានឱកាសលួច (hack) យកអត្តសញ្ញាណ (ឈ្មោះ អាយុ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ និងលេខកុងធនាគារជាដើម…(Identity) និង Telegram Account របស់បងប្អូន ហើយបង្កើតបញ្ហាគ្រោះថ្នាក់ជាច្រើន ទម្លាក់អោយបងប្អូន ទទួលដែល​នឹកស្មានមិនដល់។

សម្តេចបានបញ្ជាក់ថា “មុននឹងជឿលើអ្វីមួយ ត្រូវគិតពិចា​រណា… មិនមែននៅសុខៗ គ្រាន់តែចូលទៅចុះឈ្មោះទទួលបានលុយ$500 ងាយៗដូចនេះឡើយ”។ សម្តេចបន្ថែមថា “បងប្អូនត្រូវគិតពិចារណា អោយបានហ្មត់ចត់បំផុតថា គួរជឿ ឬអត់? ព្រោះសព្វថ្ងៃនេះ ជនទុច្ចរិតកំពុងបំពុលសង្គមជាមួយ fake news ជាច្រើនស្ទើរគ្រប់ទីកន្លែង”៕


ចែករំលែក