ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនលក់រាយម៉ាស៊ីនបោកគក់ និងសម្ងួតថៃ Otteri Wash & Dry គ្រោងនឹងបើកសាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៤នេះ និងគ្រោងពង្រីកអាជីវកម្ម ទៅកាន់ប្រទេសមួយផ្សេងទៀតនៅឆ្នាំ២០២៥។
លោក Kavin Nitasnajarukul ប្រធានប្រតិបត្តិក្រុមហ៊ុន K-Nex Corporation ដែលជាក្រុមហ៊ុនមេ បានរំពឹងថា ចំនួនអតិថិជន នឹងមានការកើនឡើង នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ខណៈយើងឈានចូលដល់រដូវវស្សា។
ទោះជាយ៉ាងណាក្តី ឥរិយាបទរបស់អ្នកប្រើប្រាស់នៅប្រទេសថៃបានផ្លាស់ប្តូរ ដោយក្នុងនោះអតិថិជនចូលចិត្តដាក់សំលៀកបំពាក់កាន់តែច្រើន នៅក្នុងម៉ាស៊ីនបោកគក់តែមួយ ដោយមិនបែងចែកសម្លៀកបំពាក់ពណ៌ស និងពណ៌ដទៃទៀត ខណៈក្រុមហ៊ុនរំពឹងថា ការអនុវត្តបែបនេះ នឹងត្រូវបានកាត់បន្ថយ បន្ទាប់ពីសេដ្ឋកិច្ចស្ទុះងើបឡើងវិញ។
ជាងនេះទៅទៀត ក្រុមហ៊ុនមានគម្រោងពង្រីកអាជីវកម្មបោកអ៊ុត ចំនួន៨សាខាបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុនមានសាខាដែលមានស្រាប់ចំនួន២សាខារួចមកហើយ។
លោក Kavin បានគូសបញ្ជាក់ថា ក្រុមហ៊ុនក៏គ្រោងនឹងពង្រីកអាជីវកម្ម ទៅកាន់បណ្តាប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន ដោយមានបំណងបើកសាខាហាងថ្មី មួយទៀតនៅត្រីមាសទីមួយនៃឆ្នាំ២០២៥ខាងមុខ។
លោក Kavin បានបន្ថែមថា “ទីផ្សារផ្សេងទៀតក្នុងតំបន់សុទ្ធតែមានឱកាសដ៏មានសក្តានុពល ខណៈក្រុមហ៊ុនរបស់យើងផ្តោតលើអាជីវកម្មរបៀបរស់នៅ Lifestyle បំពេញតម្រូវការផ្សេងៗគ្នារបស់អ្នកប្រើប្រាស់ ដែលរួមចំណែកដល់តម្លៃម៉ាកយីហោ”។
យ៉ាងណាមិញ លោកមិនបានបញ្ជាក់លម្អិតថា តើក្រុមហ៊ុននេះ គ្រោងឈានជើងចូល ទៅកាន់ប្រទេសណាទៀតនោះទេ ប៉ុន្តែក្រុមហ៊ុនកំពុងពិចារណា លើប្រទេសមួយចំនួន ដូចជាវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន៕ប្រភព: Bangkok Post៕