ម៉ាឡេស៊ីទទួលបានលំហូរពាណិជ្ជកម្មជាង១០០ពាន់លានដុល្លារពីគំរោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

ចែករំលែក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ ក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង៣ ដែលសម្រេចបានទំហំពាណិជ្ជកម្មទ្វេរភាគីជាមួយប្រទេសចិន លើសពី១០០ពាន់លានដុល្លារនៅក្នុងឆមាសទីមួយ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ។

លោក Lin Shiguang ​ទីប្រឹក្សាអម​ស្ថានទូត​ចិន ​ប្រចាំទីក្រុងគូឡាឡាំពួរបាន​គូសបញ្ជាក់ថា “ក្នុងចំណោមប្រទេសចំនួន៦៣ ដែលបានរួមគ្នាកសាងគម្រោងBRI យើងសង្កេតឃើញថា មានប្រទេសចំនួន៣ សម្រេចបានទំហំពាណិជ្ជកម្មទ្វេរភាគីជាមួយប្រទេសចិន លើសពី១០០ពាន់លានដុល្លារអាមេរិក ”។

លោកបន្តថា “ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ទំហំពា​ណិ​​ជ្ជកម្មទ្វេរភាគីរវាងចិន និងម៉ាឡេស៊ី បានឈានដល់ទំហំទឹកប្រាក់១០០,២៣ពាន់លានដុល្លារអាមេរិក កើនឡើង១០,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

លោក Lin អះអាងទៀតថា ប្រទេសចិន និងម៉ាឡេស៊ី គឺជាតំណាងដ៏សំខាន់ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ច កំពុងរីកចម្រើននៅតំបន់អាស៊ី ដែលមានគំនិត និងគុណតម្លៃនៃការអភិវឌ្ឍន៍ស្រដៀងៗគ្នា ហើយយើងជាដៃគូ ដែលធ្វើដំណើររួមគ្នា នៅលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍ។

លោកជឿជាក់ថា មាគ៌ារបស់ចិនឆ្ពោះទៅកាន់ការធ្វើទំនើ​បភាវូបនីយកម្ម នឹងនាំមកនូវឱកាស ទំនុកចិត្ត និងលទ្ធផលឈ្នះ–ឈ្នះដល់ពិភពលោក។ ការអភិវឌ្ឍរួមគ្នា រវាងប្រទេសចិន និងម៉ាឡេស៊ី នឹងចាក់បញ្ចូលថាមពលវិជ្ជមាន បន្ថែមទៀតចូលទៅក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោក។

លោក Lin បានសង្កត់ធ្ងន់ថា “ក្នុងអំឡុងសម័យប្រជុំស​មាជពេញអង្គលើកទី៣ របស់បក្សកុម្មុយនិស្តចិន កាលពីពេលថ្មីៗនេះ យើងបានកំណត់គោលដៅរួម ក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីបន្តធ្វើការកែលម្អ និងការអភិវឌ្ឍន៍ប្រព័ន្ធសង្គមនិយម ជាមួយនឹងចរិតលក្ខណៈបែបចិន និងជំរុញទំនើបភាវូបនីយកម្មលើប្រព័ន្ធ និងសមត្ថភាពអភិបាលកិច្ចជាតិ​”៕ប្រភព: The edge Malaysia៕


ចែករំលែក