លោកមហាសេដ្ឋី Jeff Bezos សម្រេចទិញយន្តហោះឯកជនទី៤ក្នុងតម្លៃចំនួន៨០លានដុល្លារអាមេរិក
ដោយ: គង់ លាងហួរ
អន្តរជាតិ: កំពូលមហាសេដ្ឋីដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិកលោក Jeff Bezos ត្រូវបានគេរាយការណ៍ថា លោកបានទិញយន្តហោះឯកជនទី៤របស់លោក ក្នុងទំហំទឹកប្រាក់ចំនួន៨០លានដុល្លារអាមេរិកកាលពីពេលថ្មីៗនេះ។
ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះបានទិញយន្តហោះឯកជនប្រណីតម៉ាក Gulfstream G700 និងត្រូវបានគេចាត់ទុកថា ជាយន្តហោះឯកជនដ៏ធំ និងទំនើបបំផុតមួយនៅក្នុងពិភពលោក ផលិតឡើងដោយក្រុមហ៊ុន Gulfstream Aerospace។នេះបើយោងតាមសារពត៌មាន Business Insider។
យន្តហោះ Gulfstream G700 អាចហោះហើរក្នុងល្បឿនកំពូលចំនួន៧១០ម៉ាយ (ប្រហែល១.១៤២គីឡូម៉ែត្រ)ក្នុងមួយម៉ោង ឬស្មើនឹង៩២,៥ភាគរយ នៃល្បឿនសំឡេង។
ទិន្នន័យជើងហោះហើរ បោះពុម្ពផ្សាយជាសាធារណៈបានបង្ហាញថា យន្តហោះឯកជនរបស់លោក Bezos បានបើកជើងហោះហើរចំនួន២៨ដងក្នុងរយៈពេល៣៩ថ្ងៃ ដោយបញ្ចេញកាបូនឌីអុកស៊ីតចំនួន២៦៤តោន ឬស្មើនឹង១៧ដងនៃចំនួនកាបូនឌីអុកស៊ីតជាមធ្យម ដែលពលរដ្ឋអាមេរិកបានបញ្ចេញ ក្នុងមួយឆ្នាំ។នេះបើយោងទៅតាមគេហទំព័រ JetSpy។
ទោះជាយ៉ាងណា តំណាងរបស់លោក Bezos បានអះអាងថា យន្តហោះរបស់លោក បានប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព ហើយលោក Bezos ក៏បានបង់ថ្លៃប៉ះប៉ូវចំពោះផលប៉ះពាល់បរិស្ថាន ដើម្បីផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ និងលុបបំបាត់ការបំភាយកាបូនចេញពីការជិះយន្តហោះ និងទូកឯកជនរបស់លោក។
លោក Bezos បានព្យាយាមលាក់បាំង ការទិញយន្តហោះរបស់លោក ពីក្រសែភ្នែករបស់សាធារណៈជន តាមរយៈការប្រើប្រាស់កម្មវិធីរបស់រដ្ឋបាល អាកាសចរណ៍សហព័ន្ធ។
កម្មវិធីនេះអនុញ្ញាត ឱ្យអ្នកទិញអាចរក្សាព័ត៌មានអំពីយន្តហោះរបស់ពួកគេជាលក្ខណៈឯកជន។
កម្មវិធីក៏អនុញ្ញាតឱ្យម្ចាស់យន្តហោះ ប្រើប្រាស់អាសយដ្ឋានបណ្តោះអាសន្ន និងចៃដន្យ ដើម្បីផ្លាស់ប្តូរលេខកំណត់អត្តសញ្ញាណរបស់យន្តហោះ ដើម្បីធ្វើយ៉ាងណាកុំឱ្យសាធារណៈជនទូទៅអាចតាមដានជើងហោះហើរបាន៕ប្រភព:Yahoo៕