តើការឧបត្ថម្ភជំនួយ៤.៥០០ដុល្លារក្នុងម្នាក់របស់រដ្ឋាភិបាលសិង្ហបុរីដល់អ្នកបាត់បង់ការងារធ្វើមានប្រសិទ្ធភាពឬទេ?
ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលសិង្ហបុរី បានប្រកាសឧបត្ថម្ភជំនួយដល់ពលរដ្ឋ គ្មានការងារធ្វើចំនួន៦ពាន់ដុល្លារសិង្ហបុរី(៤.៥០០ដុល្លារអាមេរិក)ក្នុងម្នាក់ សម្រាប់រយៈពេល៦ខែ ដើម្បីអាចឱ្យពួកគេមានពេលវេលាបន្ថែម ក្នុងការស្វែងរកការងារ ឬដុះខាត់សមត្ថភាព ដើម្បីទទួលបានឱកាសការងារថ្មី កាន់តែល្អប្រសើរជាងមុន។
យ៉ាងណាមិញ ក្រុមអ្នកវិភាគបានផ្តល់អនុសាសន៍ ឱ្យរដ្ឋាភិបាលសិង្ហបុរី ពិចារណាកែតម្រូវចំណុច មួយចំនួនបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពនៃគោលនយោបាយនេះ។
លោក Terence Ho សាស្ត្រាចារ្យនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew បានបញ្ជាក់ប្រាប់សារពត៌មាន StraitsTimesថា រដ្ឋាភិបាលមានបំណង ធ្វើឱ្យមានតុល្យភាពរវាងការផ្តល់ការគាំទ្រ និងធានាការលើកទឹកចិត្តគ្រប់គ្រាន់សម្រាប់កម្មករ ដែលបាត់បង់ការងារ ដើម្បីអាចឱ្យពួកគេត្រឡប់ទៅរកការងារធ្វើវិញ នៅពេលពួកគេត្រៀមខ្លួនរួចជាស្រេច។
នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong បានប្រកាសដាក់ចេញគម្រោង ផ្តល់ជំនួយដល់អ្នកស្វែងរកការងារជំនាញ នាពេលអនាគត(SkillsFuture Jobseeker Support)។
គម្រោងនេះផ្តល់ជំនួយហិរញ្ញវត្ថុ ក្នុងរយៈពេល៦ខែសម្រាប់អ្នកបាត់បង់ការងារធ្វើ ប៉ុន្តែរដ្ឋាភិបាលក៏នឹងតម្រូវឱ្យពួកគេឆ្លងកាត់វគ្គបណ្តុះបណ្តាល និងវគ្គតម្រង់ទិសអាជីពការងារផងដែរ។
លោកសាស្ត្រាចារ្យ Terence Ho បានអះអាងថា “គោលនយោបាយនេះ នឹងជួយបន្ធូរបន្ថយភាពតានតឹង ផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារមានចំណូលមធ្យម ប៉ុន្តែពួកគេត្រូវពឹងផ្អែកលើការសន្សំ ឬប្រភពលំហូរសាច់ប្រាក់ផ្សេងទៀត ដើម្បីជួយឱ្យពួកគេឆ្លងផុតការលំបាក”។
លោកបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលចាំបាច់ត្រូវកែសម្រួលទំហំ ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកបាត់បង់ការងារ ដោយសារការចំណាយ លើការរស់នៅកើនឡើងជានិច្ចទៅតាមពេលវេលា។
ស្រដៀងគ្នានេះ លោក Tan Ern Ser អ្នកជំនាញផ្នែកសង្គមនៅសិង្ហបុរី បានលើកឡើងថា ការឧបត្ថម្ភជំនួញគាំទ្រអាចត្រូវបានគេមើលឃើញថា ជាកាយវិការលើកទឹកចិត្តកម្មករ ដែលគ្មានការងារធ្វើឱ្យងើបឈរឡើងវិញ ហើយស្វែងរកការងារថ្មី។
ទោះជាយ៉ាងណាក្តី អ្នកវិភាគមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ចំនួនទំហំទឹកប្រាក់ និងរយៈពេល៦ខែ នៃការអនុវត្តគម្រោងឧបត្ថម្ភជំនួយនេះ អាចមានកម្រិតតិចជាងគម្រោងនៅក្នុងបណ្តាប្រទេសដទៃទៀត។
លោក Walter Theseira សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមសិង្ហបុរីបានអះអាងថា ប្រទេសជាច្រើនផ្តល់ការគាំទ្រ និងជំនួយប្រាក់ឧបត្ថម្ភពិសេសបន្ថែម សម្រាប់អ្នកបាត់បង់ការងារធ្វើ ដែលមានសាច់ញាតិ ឬកូននៅក្នុងបន្ទុក។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong បានទទួលស្គាល់ថា ការបាត់បង់ការងារជាឧបសគ្គដ៏ធំ ព្រោះអាចធ្វើឱ្យកម្មករ និងគ្រួសាររបស់ពួកគេ ជួបប្រទះអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ។ដូច្នេះ រដ្ឋាភិបាលត្រូវធ្វើអ្វីមួយ ដើម្បីកាត់បន្ថយភាពតានតឹងចំពោះអ្នករងផលប៉ះពាល់។
លោកបន្ថែមថា“យើងនឹងជួយអ្នកឱ្យឆ្លងផុត ពីភាពលំបាក ហើយត្រលប់មកវិញកាន់តែរឹងមាំ ប៉ុន្តែអ្នកក៏ត្រូវខិតខំធ្វើចំណែករបស់អ្នកផងដែរ”៕ប្រភព:Vnexpress៕