កម្ពុជាកំពុងត្រៀមចាប់ឱកាសដណ្តើមយកចំណែកទីផ្សារទេសចរណ៍ហាឡាល់នៅលើពិភពលោក
ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត ដូចជា ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កំពុងបំពេញបេសកកម្ម ក្នុងការជំរុញឧស្សាហកម្ម ទេសចរណ៍ពិភពលោកតាម រយៈទីផ្សារទេសចរណ៍ហាឡាល់។
-->
កម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ានទាំងនេះ បានទទួលស្គាល់សារៈសំខាន់ កាន់តែខ្លាំងឡើងរបស់ទីផ្សារទេសចរណ៍ហាឡាល់ ក្នុងនាមជាផ្នែកដ៏សំខាន់មួយ នៃទីផ្សារទេសចរណ៍ពិភពលោក ដោយប្តេជ្ញាពង្រឹងការផ្តល់ ជូនសេវាកម្មនានាដើម្បីទាក់ទាញអ្នកដំណើរ។
តាមរយៈការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឥស្លាមពិភពលោក នាឆ្នាំ២០២៥ខាងមុខ ប្រទេសសមាជិកអាស៊ានទាំងនេះ មានគោលបំណងដាក់បង្ហាញ សេវាកម្ម ផលិតផល និងបទពិសោធន៍ធ្វើដំណើរ ទៅកាន់ទីផ្សារហាឡាល់ ដោយដាក់ខ្លួនជាអ្នកដើរតួនាទីសំខាន់ នៅក្នុងទិដ្ឋភាពនៃទីផ្សារទេសចរណ៍អ៊ីស្លាមសកល។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានកំណើនគួរឱ្យកត់សម្គាល់ នៅក្នុងវិស័យទេសចរណ៍ហាឡាល់ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែច្រើនឡើងនៅទូទាំងតំបន់អាស៊ាន។
ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឥស្លាមពិភពលោកឆ្នាំ២០២៥ (WITEX) នឹងក្លាយជាមូលដ្ឋានមួយ សម្រាប់ប្រទេសទាំងនេះ ក្នុងការចូលរួមសហការបង្កើតថ្មី និងរៀបចំអនាគតនៃទីផ្សារទេសចរណ៍ហាឡាល់ ដោយពង្រឹងការប្តេជ្ញាចិត្ត ក្នុងការបំពេញតម្រូវការពិសេស របស់អ្នកធ្វើដំណើរមូស្លីម នៅទូទាំងពិភពលោក។
ប្រទេសកម្ពុជាមានភាពល្បីល្បាញខ្លាំង តាមរយៈធនធានបេតិកភណ្ឌវប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រដ៏សម្បូរបែប ហើយកម្ពុជាក៏កំពុងទទួលស្គាល់ផងដែរ នូវសក្តានុពលទេសចរណ៍ហាឡាល់។ កម្ពុជាបានបោះទុនវិនិយោគ លើសេវាកម្មថ្មីៗ ដើម្បីបំពេញតម្រូវការទេសចរណ៍ហាឡាល់ និងសំដៅទាក់ទាញអ្នកធ្វើដំណើរមូស្លីម ឱ្យមកកំសាន្តនៅកម្ពុជាកាន់តែច្រើន។
លើសពីនេះ ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឥស្លាមពិភពលោកឆ្នាំ២០២៥ នឹងក្លាយជាឱកាសដ៏ល្អរបស់កម្ពុជា ដើម្បីបង្ហាញអំពីសក្តានុពល ក្នុងការផ្តល់សេវាទេសចរណ៍ដល់ទីផ្សារហាឡាល់ និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយតួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្ម៕ប្រភព:Travel&Tourworld៕

