តម្លៃជួលទីតាំងធ្វើការរួមគ្នានៅក្នុងទីក្រុងហូជីមិញកំពុង កើនឡើង

ចែករំលែក

តម្លៃជួលទីតាំងធ្វើការរួមគ្នានៅក្នុងទីក្រុងហូជីមិញកំពុង

កើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការសិក្សាថ្មីមួយបានរកឃើញថា ការជួលទីតាំងធ្វើការរួមគ្នាប្រចាំខែ នៅតាមអគារប្រណីត នៅក្នុងសង្កាត់លេខ១ នៃទីក្រុងហូជីមិញបានកើនឡើង៥% ដល់៣៤៤ដុល្លារក្នុងម្នាក់ នៅឆមាសទីមួយឆ្នាំនេះ។

ចំណែក នៅទូទាំងទីក្រុងទាំងមូល អត្រាតម្លៃជួលជាមធ្យមបានកើនឡើង៤,៥% ដល់២១៩ដុល្លារក្នុងម្នាក់ក្នុងអំឡុងពេលដូចគ្នា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។

ជាមួយគ្នានេះ ការផ្គត់ផ្គង់ទីតាំងធ្វើការរួមគ្នា នៅតំបន់មិនស្ថិតចំកណ្តាលទីក្រុង (Non-central)កំពុងកើនឡើង ខណៈបណ្តាអ្នកអភិវឌ្ឍន៍ផ្តោតលើចំណូលចិត្ត បត់បែនរបស់សហគ្រិនវ័យក្មេង និងនិយោជិត។

ជាក់ស្តែង វិទ្យាស្ថាន Quang Trung Software City បានជួលទីតាំងនៅក្នុងអគារថ្មីមួយ កម្ពស់១០ជាន់នៅសង្កាត់លេខ១២។ ក្នុងនោះ អគារចំនួន៣ជាន់ ក្លាយជាទីតាំងធ្វើការរួមគ្នា អភិវឌ្ឍន៍ ដោយក្រុមហ៊ុនThe Sentry សម្រាប់ជួលឱ្យក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មថ្មី(Start-up) ប្រហែល៧០ក្រុមហ៊ុន នៅទីក្រុងហូជីមិញ។

លោក Greg Ohan សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនSentry បានមានប្រសាសន៍ឱ្យដឹងថា “យើងសង្កេ​តឃើញការរីកចម្រើនយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍កម្មវិធី Software ជាពិសេសក្នុងហ្គេម និងបញ្ញាសិប្បនិម្មិត AI”។

នៅតំបន់ដាច់ឆ្ងាយពីកណ្តាលទីក្រុង ទីតាំងធ្វើការរួមគ្នាត្រូវបានជួលជាមធ្យមជារៀងរាល់ខែ ក្នុងតម្លៃ៩៦ដុល្លារសម្រា​ប់មនុស្សម្នាក់។

លោក Le Nguyen នាយកយុទ្ធសាស្រ្តផ្នែកជួល និងផ្តល់ដំណោះស្រាយនៅក្រុមហ៊ុន Knight Frank Vietnam បានអះអាងថា ក្រៅពីការជួលទីតាំងធ្វើការរួមគ្នា អ្នកអភិវឌ្ឍន៍ក៏កំពុងផ្តល់ការបណ្តុះបណ្តាល និងការកសាងក្រុមការងារ សម្រាប់ក្រុមហ៊ុន Start-up។

និន្នាការនៃការជួលទីតាំងធ្វើការរួមគ្នា កំពុងទទួលបានសន្ទុះយ៉ាងខ្លាំង នៅក្នុងទីក្រុងមជ្ឈមណ្ឌល សេដ្ឋកិច្ចធំៗរបស់ប្រទេសវៀតណាម ដូចជា ទីក្រុងហូជីមិញ ទីក្រុងហាណូយ និងទីក្រុងដាណាង។

បណ្តាក្រុមហ៊ុនបរទេសជាច្រើន ដែលចូលមកបណ្តាក់ទុនក្នុងប្រទេសវៀតណាម កំពុងជ្រើសរើសទីតាំងធ្វើការរួមគ្នា ដោយសារតែការជួលមានតម្លៃសមរម្យ និងប្រតិបត្តិការមានភាពបត់បែន៕ប្រភព: Vnexpress៕


ចែករំលែក