ជប៉ុនកំពុងពង្រីកអាកាសយានដ្ឋានខ្នាតយក្សមួយដោយសង់នៅលើឆកសមុទ្រ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាកាសយានដ្ឋានអន្តរជាតិ Osaka Kansai (KIX) ឬហៅថាKanku ស្ថិតក្នុងចំណោមអាកាសយានដ្ឋាន ខ្នាតធំបំផុ​តក្នុងប្រទេសជប៉ុន ដោយមានទីតាំងនៅតំបន់ Greater Osaka។

Kanku ត្រូវបានសាងសង់ឡើង នៅលើកោះសិប្បនិម្មិតមួយ នៅឆកសមុទ្រអូសាកា(Osaka Bay) និងមានទីតាំងនៅជិតទីក្រុង Kyoto និងទីក្រុងKobe។ អាកាសយានដ្ឋាននេះ មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ និងជាសំណង់វិស្វកម្មដ៏អស្ចារ្យ។

អាកាសយានដ្ឋានអន្តរជាតិ Osaka Kansai ត្រូវបានបើកដំណើរការនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៤ ក្នុងទុនវិនិយោគប្រ​ហែ​ល២០ពាន់លានដុល្លារ ហើយបច្ចុប្បន្ន Osaka Kansai ជាព្រ​លានយន្តហោះមមាញឹកបំផុតទី៣ នៅក្នុងប្រទេសជប៉ុន។ ព្រលាន​យន្តហោះ​នេះ អាច​ដំណើរការ​ដោយ​សេរី២៤ម៉ោង ​ក្នុង​មួយថ្ងៃ ដោយសារមានទីតាំង​នៅ​លើឆកសមុទ្រ។

ការស្ថាបនាបាន​ចំណាយ​ពេល​៧​ឆ្នាំ​ បន្ទាប់ពីបើកការដ្ឋានដំបូង​នៅ​ឆ្នាំ​១៩៨៧។

យោងតាមសារពត៌មាន ​​Aerotime បានឱ្យដឹងថា អាកាសយានដ្ឋាន កំពុងលិចទៅក្នុងទឹក ក្នុងកម្រិតប្រកាសអាសន្ន ខណៈក្រុមអ្នកជំនាញមួយចំនួនជឿជាក់ថា អាកាសយានដ្ឋាន  អាចនឹងលិច ទៅក្នុងទឹកទាំងស្រុងនៅឆ្នាំ២០៥៦។

ដើម្បីស្ថាបនាអាកាសយានដ្ឋាននេះឡើង ក្រុមវិស្វករបានបង្ហូរទឹករាប់លានលីត្រ ចេញពីស្រទាប់ដីឥដ្ឋទន់ មានជម្រៅ២០ម៉ែត្រ នៅក្នុងឆកសមុទ្រ។ បន្ទាប់មក ក្រុមវិស្វករបានសាងសង់ជញ្ជាំងសមុទ្រ ដើម្បី​ទប់ស្កាត់ទឹក​សមុទ្រ ​មិនឱ្យទន្ទ្រានទន្ទ្រាន​មកលើផ្ទៃដី។

ក្រុមវិស្វករបានចាក់ដីខ្សាច់ ជម្រៅ៥ហ្វីត(១,៥២ម៉ែត្រ)នៅលើស្រទាប់ដីឥដ្ឋបាតសមុទ្រ។ បន្ទាប់មក បំពង់ទុយោបញ្ឈរចំនួន២,២លានដើម មានអង្កត់ផ្ចិត១៦អ៊ីង ត្រូវបានរុញចូលទៅក្នុងដី ដើម្បីពង្រឹងគ្រឹះឱ្យមានសុវត្ថិភាព។

បច្ចុប្បន្ន ជប៉ុនកំពុងរៀបចំដំណើរការជួសជុល និងពង្រីកស្ថានីយលេខ១(Terminal 1) ក្នុងគោលបំណងពង្រីកសមត្ថភាពទទួលជើងហោះហើរអន្តរជាតិ និងកែលម្អបទពិសោធន៍អ្នកដំណើរ។ នៅពេលការពង្រីកត្រូវបានបញ្ចប់រួចរាល់ នៅឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិ Osaka Kansai នឹងអាចផ្ទុកអ្នកដំណើរបាន៤០លាននាក់ក្នុងមួយឆ្នាំ៕ ប្រភព: Simple Flying៕

LEAVE A REPLY

Please enter your comment!
Please enter your name here