ទីក្រុងឌូបៃគ្រោងសាងសង់អគារការិយាល័យចំនួន៣ ដើម្បីបំពេញតាមកំណើនតម្រូវការជួលពីក្រុមហ៊ុនធំៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប់រួមគ្រោងសាងសង់អគារការិយាល័យថ្មីចំនួន៣ នៅចំកណ្តាលទីក្រុងឌូបៃ ដើម្បីបំពេញឱ្យទាន់កំណើនតម្រូវការប្រើប្រាស់។ ការណ៍នេះហាក់ខុសផ្ទុយស្រឡះទៅនឹងស្ថានភាពទីផ្សារការិយាល័យនៅក្នុងទីក្រុងនានាជុំវិញពិភពលោកដែលកំពុងដាំក្បាលចុះនាពេលបច្ចុប្បន្ន។

អគារ DIFC Square ចំនួន៣ នឹងត្រូវបានសាងសង់នៅក្នុងតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃ (DIFC) ដែលមានទំហំផ្ទៃក្រឡាសរុបចំនួន១លានម៉ែត្រការ៉េ។ ក្នុងនោះ ចំនួន៦០%នៃទីធ្លាសរុប(Space) នៅក្នុងអគារទាំងនេះ ជាការិយាល័យ។ នេះបើយោងតាមការឱ្យដឹងពីការិយាល័យទំនាក់ទំនងរដ្ឋាភិបាលអារ៉ាប់រួម។

លោក Essa Kazim អគ្គនាយកមជ្ឈមណ្ឌល DIFC បានបញ្ជាក់ឱ្យដឹងនៅក្នុងបទសម្ភាសតាមប្រព័ន្ធទូរស័ព្ទថា អគារទាំងនេះ នឹងរួមមានទីតាំងលក់រាយ និងភោជនីយដ្ឋានសរុបទំហំ១៧.២០០ហ្វីតការ៉េ ហើយត្រូវចំណាយដើមទុនវិនិយោគប្រហែល២៧០លានដុល្លារអាមេរិកដើម្បីស្ថាបនាឱ្យលេចចេញជារូបរាងឡើង។

អគារ​ទាំង​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់នៅ​ត្រីមាស​ទី​១ ​ឆ្នាំ២០២៦ ដើម្បីឆ្លើយតប​ចំពោះការ​កើនឡើង​នៃ​ការជួលការិយាល័យ ខណៈបណ្តាក្រុមហ៊ុនធំៗជាច្រើនកំពុង​បន្ត​សម្រុក​បើកអាជីវកម្មរបស់ពួកគេនៅទីក្រុង​ឌូបៃ។ និន្នាការនេះបាន​ជំរុញ​ឱ្យទីផ្សារ​អចលនទ្រព្យ​ពាណិជ្ជកម្ម​​ស្ទុះងើប​ឡើង​វិញ​យ៉ាងឆាប់រហ័ស។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​CBRE Group បានឱ្យដឹងថា អត្រាគ្របដណ្តប់ការជួលការិយាល័យ(Occupancy rates)នៅទូទាំងទីក្រុងឌូបៃ បានកើនឡើងដល់៩១,៣% ខណៈទីផ្សារការិយាល័យនៅទីក្រុងធំៗផ្សេងទៀតនៅលើពិភពលោក រួមមាន ទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស និងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក កំពុងជួបប្រទះការលំបាក។

លោក Taimur Khan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានលើកឡើងថា “តម្រូវការការិយាល័យនៅទីក្រុងឌូបៃបានកើនឡើងយ៉ាងគំហុក ដោយសារក្រុមហ៊ុននានា ដែលកំពុងដំណើរការស្រាប់នៅទីនោះ មានបំណកពង្រីកទំហំការិយាល័យរបស់ខ្លួន និងបណ្តាក្រុមហ៊ុនថ្មីៗ ដែលកំពុងចូលមកបង្កើតអាជីវកម្ម”៕ប្រភព:The edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here