ថៃគ្រោងលើកលែងការអនុវត្តន៍ប្រព័ន្ធអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិកចំពោះពលរដ្ឋកម្ពុជា

0

ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃបានប្រកាសឱ្យដឹងថា ខ្លួនគ្រោងនឹងដាក់ឱ្យអនុវត្តន៍ប្រព័ន្ធអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិក (ETA) ជាកាតព្វកិច្ចចំពោះភ្ញៀវទេសចរណ៍បរទេស ដែលទទួលបានការលើកលែងទិដ្ឋាការចាប់ពីខែធ្នូខាងមុខ។

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិក (ETA) មានគោលបំណង ដើម្បីជួយសម្រួលដល់នីតិវិធីអន្តោប្រវេសន៍ និងពង្រឹងការត្រួតពិនិត្យលើជនបរទេស។

ប្រព័ន្ធអេឡិចត្រូនិកថ្មីនេះនឹងអនុវត្តន៍ចំពោះពលរដ្ឋមកពីគ្រប់បណ្តាប្រទេស ដែលទទួលបានការលើកលែងទិដ្ឋាការចូលមកកាន់ប្រទេសថៃតាមរយៈផ្លូវគោក ផ្លូវអាកាស ឬផ្លូវសមុទ្រ លើកលែងតែពលរដ្ឋមកពីប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី។ នេះបើយោងតាមរបាយការណ៍របស់សារពត៌មាន CNBC ដោយដកស្រង់ប្រភពចេញពីក្រសួងការបរទេសថៃ។

ក្រសួងខាងលើបានបញ្ជាក់ថា “វិធានការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការពង្រឹងសន្តិសុខជាតិ និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលំហូរភ្ញៀវទេសចរណ៍ និងរក្សាឱ្យបាននូវឋានៈរបស់ថៃជាគោលដៅទេសចរណ៍ពិភពលោកដ៏សំខាន់”។

ប្រព័ន្ធ ETA នឹងអនុញ្ញាតឱ្យជនបរទេសអាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃបានតែ១លើកប៉ុណ្ណោះ ហើយនឹងមានសុពលភាពរយៈពេល៦០ថ្ងៃ និងមានជម្រើសបន្តបសពុលភាពរយៈពេល៣០ថ្ងៃចំនួនមួយដងទៀត។

អ្នកធ្វើដំណើរ ដែលកាន់ប្រព័ន្ធ ETA នឹងអាចប្រើប្រាស់ច្រកទ្វារអន្តោប្រវេសន៍ដោយស្វ័យប្រវត្តិនៅច្រកចូលអាកាសយានដ្ឋាន។ការណ៍នេះនឹងជួយពន្លឿនដំណើរការនីតិវិធីផ្សេងៗ ដោយជនបរទេសគ្រាន់តែស្កេនកូដ QR នៅលើប្រព័ន្ធ ETA របស់ពួកគេ។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមកពីបណ្តាប្រទេស និងដែនដីចំនួន៩៣ ក្នុងនោះរួមមានទាំងប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបណ្តាប្រទេសជិតខាង អាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃដោយពុំចាំបាច់កាន់ទិដ្ឋាការ។

នៅចន្លោះ​ខែ​មករា​ដល់​ខែ​សីហា ឆ្នាំ២០២៤នេះ ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​ទេសចរ​ណ៍បរទេស​សរុបជាង​២១​លាន​នាក់​​ កើន​ឡើង​៣៣ភាគរយបើធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ​មុន៕ប្រភព:Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here