ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយ ដោយសារពត៌មាន Dezeen បានបង្ហាញឱ្យដឹងថា ប្រទេសប្រេស៊ីលគ្រោងនឹងស្ថាបនាអគារលំនៅដ្ឋាន ខ្ពស់កប់ពពកលំដាប់ពិភពលោក “Senna Tower”នៅក្នុងរដ្ឋ Santa Catarina។
អគារ Senna Tower នឹងក្លាយជាអគារខ្ពស់ជាងគេ នៅក្នុងប្រទេសប្រេស៊ីល និងជាអគារលំនៅដ្ឋានខ្ពស់ជាងគេបំផុត នៅលើពិភពលោក។ អគារ Senna Tower នឹងត្រូវបានស្ថាបនាឡើងនៅក្នុងទីក្រុង Balneário Camboriú។
-->
កន្លងមក ទីក្រុង Balneário Camboriú មានភាពល្បីល្បាញខ្លាំង ដោយសារទីក្រុងមួយនេះ មានសំណង់អគារខ្ពស់កប់ពពកជាច្រើននៅតាមឆ្នេរសមុទ្រ។ អគារនេះ នឹងត្រូវបានរចនាឡើងឱ្យមានរូបរាងស្ដើង បំពាក់ដោយកញ្ចក់ថ្លា អមជាមួយអាងហែលទឹក និងសួនទីធ្លាបៃតង។
អគារ Senna Tower ដែលមានកម្ពស់៥០០ម៉ែត្រ នឹងរួមបញ្ចូលលំនៅដ្ឋានចំនួន២២៨យូនីត ដោយក្នុងនោះរួមមានវីឡាចំនួន១៨យូនីត ផ្ទះល្វែងចំនួន២០៤យូនីត ផ្ទះប្រណីតចំនួន៤យូនីត និងផ្ទះប្រភេទ Penthouse ចំនួន២យូនីត។
លើសពីនេះ នៅលើដំបូលអគារទំហំ៦.០០០ម៉ែត្រការ៉េ នឹងរួមមានទីតាំងកម្សាន្តផងដែរ ខណៈនៅលើកំពូលអគារ នឹងបំពាក់ដោយឧបករណ៍ បំភ្លឺដ៏ស្រស់ស្អាតបំផុត។ ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍ គ្រោងស្នើសូមវិញ្ញាបនប័ត្រ បញ្ជាក់ពីអគារបៃតង (LEED Platinum)។
ជាពិសេស អគារ Senna Tower ជាអគារដំបូងបង្អស់នៅតំបន់អាមេរិកឡាទីន ដែលប្រើប្រាស់ប្រព័ន្ធដុំប៉ោលខ្នាតយក្ស (Tuned Mass Damper) ដើម្បីជួយទប់លំណឹងនៅក្នុងអគារ ខណៈគម្រោងខាងលើ គ្រោងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆមាសទី២ ឆ្នាំ២០២៥ខាងមុខ៕ប្រភព: Dezeen៕
