ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសឥណ្ឌា រំពឹងបន្តកើនឡើងជាលំដាប់ ក្នុងរយៈពេល២ឆ្នាំឬ៣ឆ្នាំខាងមុខ ដោយសារកំណើននៃតម្រូវការ អចលនទ្រព្យប្រណីត ពីវណ្ណៈអ្នកមាន ហើយតម្លៃផ្ទះជួល នឹងកើនឡើងលើសពីអត្រាអតិផរណា លើតម្លៃទំនិញប្រើប្រាស់។
ប៉ុន្តែក្រុមអ្នកជំនាញព្រមានថា អត្ថប្រយោជន៍កំពុងត្រូវបានបង្វែរ ទៅកាន់មនុស្សមួយចំនួនតូចប៉ុណ្ណោះ ខណៈចំនួនអ្នកស្វែងរកការងារធ្វើរាប់លាននាក់ ជាពិសេសយុវជនកំពុងជួបផលលំបាក។ នេះបើយោងតាមសារពត៌មាន Reuters។
ការធ្លាក់ចុះនៃការផ្គត់ផ្គង់ផ្ទះ មានតម្លៃសមរម្យ និងក្រុមអ្នកមានសម្រុកទិញផ្ទះ ដោយប្រើប្រាស់សាច់ប្រាក់សុទ្ធ បាននាំឱ្យអ្នកមានបំណងទិញផ្ទះ លើកដំបូងជាច្រើនត្រូវបង្ខំចិត្តបន្តស្នាក់នៅផ្ទះជួល។
បន្ទាប់ពីកើនឡើង៤,៣% កាលពីឆ្នាំមុន តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងកើនឡើង៧,៧៥ភាគរយនៅឆ្នាំនេះ បើធៀបនឹងការព្យាករណ៍ ពីមុនចំនួន៦%។ការស្ទង់មតិនេះ មានការចូលរួមពីក្រុមអ្នកជំនាញ ទីផ្សារអចលនទ្រព្យចំនួន១៦រូប។
ចំណែកក្នុងរយៈពេលពីរឆ្នាំខាងមុខ តម្លៃផ្ទះត្រូវបានគេរំពឹងថា នឹងកើនឡើងពី៦% ទៅ៦,២៥%។
លោកAnuj Puri ប្រធានក្រុមហ៊ុនANAROCK Property Consultants បាននិយាយថា “តម្រូវការលំនៅដ្ឋាននៅឥណ្ឌាបានផ្អៀងយ៉ាងខ្លាំង ឆ្ពោះទៅរកផ្នែកលំនៅដ្ឋានប្រណីត។ និន្នាការនេះ បានធ្វើឱ្យតម្លៃផ្ទះកើនឡើងឥតឈប់ឈរ ខណៈការអភិវឌ្ឍន៍លំនៅដ្ឋាន តម្លៃសមរម្យនៅតែបន្តធ្លាក់ចុះ”។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ជាធម្មតា បុគ្គលមានទ្រព្យសម្បត្តិសុទ្ធ ជាង៣០លានដុល្លារឡើងទៅ នៅក្នុងប្រទេសឥណ្ឌា កាន់កាប់ផ្ទះច្រើនជាង២កន្លែង ហើយចំនួន១២ភាគរយនៃពួកគេ មានគម្រោងទិញផ្ទះមួយកន្លែងផ្សេងទៀតនៅឆ្នាំនេះ។
យោងតាមគេហទំព័រអចលនទ្រព្យ Properstar បានឱ្យដឹងថា ផ្ទះទូទៅនៅប្រទេសឥណ្ឌា មានតម្លៃជាមធ្យមចំនួន១៩២.១៤៤រូពី (ប្រហែល២.២៩០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតម៉ិន មានតម្លៃជាមធ្យមចំនួន៩៨.៥៤៩រូពី (ប្រហែល១១៧៤ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ៕ប្រភព:Reuter៕