ស្ថានភាពទីផ្សារសណ្ឋាគារនៅតំបន់កណ្តាលទីក្រុងគូឡាំឡាំពួរ បង្ហាញសញ្ញាប្រសើរឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យសណ្ឋាគារនៅប្រទេសម៉ាឡេស៊ីកំពុងសម្រេចបានវឌ្ឍនភាពឆ្ពោះទៅរកការស្ទុះងើបឡើងវិញ ស្របពេលឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរបង្ហាញស្ថានភាពប្រសើរឡើង។

លោកស្រី Datin Christina Toh ប្រធានសមាគមសណ្ឋាគារម៉ាឡេស៊ី បានលើកឡើងថា សណ្ឋាគារនៅតាមបណ្តារដ្ឋជាច្រើនបានទទួលអត្ថប្រយោជន៍ពីការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ។

អ្នកជំនាញរូបនេះបានថ្លែងបន្តថា“សណ្ឋាគារនានា ដែលមានទីតាំងនៅចំកណ្តាលទីក្រុង ជាពិសេសសណ្ឋាគារនៅតំបន់ Klang Valley នៃទីក្រុងគូឡាឡាំពួរ ត្រូវបានគេមើលឃើញថា មានអត្រាគ្រប់ដណ្តប់ការស្នាក់នៅខ្ពស់។

លោកស្រីបានបញ្ជាក់ប្រាប់សារពត៌មាន StarBiz ថា “អត្រាគ្រប់ដណ្តប់ការស្នាក់នៅ មិនទាន់បានហក់ឡើងដល់កម្រិតមុនផ្ទុះជំងឺរាតត្បាតក្នុងរង្វង់ប្រមាណ៧០ភាគរយឡើងវិញនៅឡើយទេ”។

លោកស្រីបានគូសបញ្ជាក់ថា “វិស័យសណ្ឋាគារនៅចំកណ្តាលទីក្រុងមានភាពប្រសើរឡើងយ៉ាងខ្លាំង និងកើនឡើងជិតដល់កម្រិតមុនពេលផ្ទុះជំងឺរាតត្បាត។ ទោះយ៉ាងណាក្តី សណ្ឋាគារនៅតាមរដ្ឋតូចៗមួយចំនួនមិនទាន់ឈានដល់កម្រិតនោះនៅឡើយទេ”។

ចាប់ពីខែកក្កដាដល់ខែសីហា ឆ្នាំ២០២៤ សណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ នៅចំកណ្តាលទីក្រុងគូឡាឡាំពួរ ត្រូវបានគេមើលឃើញថា អត្រាគ្របដណ្តប់ស្នាក់នៅបានកើនឡើងដល់ជាង៨០ភាគរយ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានគូសរំលេចនៅក្នុងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ថា ចំនួនសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ នៅក្នុងទីក្រុងគូឡាឡាំពួរមានចំនួន១០២អគារ គិតជាបន្ទប់សរុបចំនួន៣៣.៣៧៧បន្ទប់។

គម្រោងអភិវឌ្ឍន៍សណ្ឋាគារភាគច្រើនបំផុតត្រូវបានជ្រើសរើសទីតាំងនៅចំកណ្តាលទីក្រុង ខណៈគម្រោងដែលមានទីតាំងនៅជាយក្រុងគូឡាឡាំពួរ
មានចំណែកប្រហែល២៥ភាគរយ ប៉ុណ្ណោះ៕ប្រភព: The star៕

LEAVE A REPLY

Please enter your comment!
Please enter your name here