ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដើម្បីស្ទាបស្ទង់អំពីគោលជំហរនៃការបញ្ចុះអត្រាការប្រាក់នាពេលខាងមុខ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៣ភាគរយដល់២៦៧៣,៦៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០១ភាគរយដល់២៦៩៥,៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៧០,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៩៤,៩០ដុល្លារក្នុងមួយអោន។
-->
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៥០,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០០,៦៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០០,៥២ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៦%ដល់៣២,២២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៥៤%ដល់១០១៦,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់់ចុះ០,៩៧%ដល់១.០៤១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារការស្ទុះងើបឡើងថ្លៃនៃផ្សារហ៊ុននៅក្នុងប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ចេញកញ្ចប់ជំរុញដ៏ធំមួយ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន១,១៣ភាគរយ គិតត្រឹមម៉ោង១០:៥២នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៩ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ៣,៤៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ៣,៧៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ២,១៤ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,០៧៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២១ភាគរយ៕
