ក្រុមហ៊ុនយក្ស SpaceX របស់លោក Elon Musk គ្រោងបោះទុនវិនិយោគ១,៥ពាន់លានដុល្លារ ដើម្បីនាំយកអុីនធឺណេត Starlink ទៅកាន់ប្រទេសវៀតណាម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតផ្កាយរណបខ្នាតយក្ស SpaceX របស់សហរដ្ឋអាមេរិកគ្រោងបណ្តាក់ទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារក្នុងប្រទេសវៀតណាម ខណៈក្រុមហ៊ុនសម្លឹងឃើញសក្តានុពលក្នុងការអភិវឌ្ឍន៍អុីនធឺណេតតាមផ្កាយរណប។

ក្រុមហ៊ុនផ្កាយរណបរបស់លោកមហាសេដ្ឋី Elon Musk បានចាប់ផ្តើមផ្តល់សេវាអុីនធឺណេត Starlink កាលពី៥ឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានបាញ់បង្ហោះផ្កាយរណបចំនួន៦.០០០គ្រាប់ ដែលគ្របដណ្តប់សេវាអុីនធឺណេតស្ទើរតែគ្រប់ប្រទេសនៅលើផែនដីនេះ។

លោកប្រធានាធិបតីវៀតណាម To Lam
បានស្វាគមន៍ចំពោះសំណើនេះ ហើយលោកសង្ឃឹមថា ការវិនិយោគនេះនឹងក្លាយជាការបោះជំហានដំបូងក្នុងភាពជាដៃគូរវាងក្រុមហ៊ុនSpaceX និងប្រទេសវៀតណាម។

លោក​បាន​បន្ត​ថា ការ​ប្រែ​ក្លាយ​ឌីជីថល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​ប្រទេស​ទៅ​កាន់​សករាជ​ថ្មី។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមកំពុងសិក្សាសំណើរបស់ SpaceX ដោយលោករំពឹងថា ក្រុមហ៊ុននេះនឹងជួយវៀតណាមក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនាពេលអនាគត។

លោក Tim Hughes អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនផលិតផ្កាយរណបខ្នាតយក្ស SpaceX កាលពីដើមខែកញ្ញានេះ បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថា ក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកអុីនធឺណេត Starlink ទៅកាន់ប្រទេសវៀតណាម។

ក្រុមហ៊ុន SpaceX បានចាប់ផ្តើមផ្តល់សេវាអុីនធឺណេតនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ីនៅដើមឆ្នាំ២០២៣ ខណៈក្រុមហ៊ុនក៏គ្រោងឈានជើងចូលទៅកាន់ប្រទេសថៃនាពេលអនាគតផងដែរ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here