តើកំពូលមហាសេដ្ឋីរូបណាខ្លះដែលមានទ្រព្យសម្បត្តិចាប់ពី២០០ពាន់លានដុល្លារអាមេរិកឡើងទៅ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងចំណោមប្រជាជនជិត៨ពាន់លាននាក់នៅទូទាំងពិភពលោក ក្នុងនោះគេសង្កេតឃើញមានតែមនុស្សចំនួន២.៧៨១នាក់ប៉ុណ្ណោះបានជាប់ឈ្មោះជាមហាសេដ្ឋីមានប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារពត៌មាន MoneyControl។

ក្នុង​ចំណោម​នោះ គេសង្កេតឃើញមាន​តែ​បុគ្គលល្បីៗចំនួន៣រូប​ប៉ុណ្ណោះ​ ដែល​មានទ្រព្យសម្បត្តិចាប់ពី​២០០ពាន់​លាន​ដុល្លារឡើងទៅ ដូចជាលោក Elon Musk នាយក​ប្រតិបត្តិក្រុមហ៊ុន Tesla លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon និង​លោក Mark Zuckerberg នាយក​ប្រតិបត្តិក្រុមហ៊ុន Meta។

យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់សារពត៌មាន Bloomberg បង្ហាញថា លោក Elon Musk មានទ្រព្យសម្បត្តិចំនួន២៧០ពាន់លានដុល្លារ ខណៈលោក Bezos មានទ្រព្យសម្បត្តិចំនួន២១៥ពាន់លានដុល្លារ និងលោក Zuckerberg មានមានទ្រព្យសម្បត្តិចំនួន២០២ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

តួលេខនេះបានធ្វើឱ្យលោក Mark Zuckerberg អាចនាំមុខនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត រួមមានទាំងលោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle ព្រមទាំងលោក Bill Gates និងលោក Steve Ballmer ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ។

យោងតាមសារពត៌មាន Fortune រាយការណ៍ថា លោក Zuckerberg មិនត្រឹមតែបានជាប់ឈ្មោះជាមហាសេដ្ឋីមានទ្រព្យសម្បត្តិខ្ទង់២០០ពាន់លានដុល្លារកាលពីពេលថ្មីៗនេះប៉ុណ្ណោះទេ។ ប៉ុន្តែ លោកក៏ជាអ្នកឈ្នះដ៏ធំបំផុតក្នុងបញ្ជីមហាសេដ្ឋីពិភពលោកផងដែរ ខណៈនាយក​ប្រតិបត្តិក្រុមហ៊ុន Meta រូបនេះប្រមូលបានទ្រព្យសម្បត្តិរាប់សិបពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានឱ្យដឹងថាទ្រព្យសម្បត្តិរបស់បុរសវ័យ៤០ឆ្នាំរូបនេះបានកើនឡើងចំនួន៧១,៨ពាន់លានដុល្លារក្នុងឆ្នាំនេះ។ ទ្រព្យសម្បត្តិភាគច្រើនរបស់លោក Mark Zuckerberg មានប្រភពមកពីចំណែកភាគហ៊ុនរបស់លោកប្រហែល១៣ភាគរយនៅក្នុងក្រុមហ៊ុន Meta Platforms៕ប្រភព: MoneyControl៕

LEAVE A REPLY

Please enter your comment!
Please enter your name here