ដោយ: គង់ លាងហួរ
អន្តរជាតិ: ការពិបាកស្វែងរកផ្ទះមានតម្លៃសមរម្យនៅតែជាបញ្ហាចម្បងនៅក្នុងទីផ្សារអចលនទ្រព្យម៉ាឡេសុី ខណៈតម្លៃផ្ទះជាមធ្យមមានទំហំទឹកប្រាក់៣៣៥.០០០រីងហ្គីត(ប្រមាណ៧៨.៤០៨ដុល្លារ)ក្នុងមួយយូនីត។
ផ្ទុយទៅវិញ ប្រាក់ខែជាមធ្យមប្រចាំខែរបស់ប្រជាជនម៉ាឡេសុីមានទំហំទឹកប្រាក់ប្រហែលពី៣.០០០រីងហ្គីត ទៅដល់៣.៥០០រីងហ្គីតប៉ុណ្ណោះ(ប្រហែល៧០២ដុល្លារទៅ៨២០ដុល្លារ)ក្នុងមួយខែ។
ស្ថាប័នសិក្សាស្រាវជ្រាវហិរញ្ញវត្ថុ Kenanga Research បានលើកឡើងថា ប្រជាជនម៉ាឡេស៊ីជាច្រើនប្រឈមមុខនឹងគម្លាតនេះ ជាពិសេសអ្នកទិញផ្ទះលើកដំបូងដែលមានអាយុក្រោម៣៥ឆ្នាំ។
យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិម៉ាឡេសុី (Napic)បង្ហាញថា នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ស្តុកលំនៅដ្ឋានដែលលក់មិនចេញមានចំនួន១២៧.១៨០យូនីត ហើយភាគច្រើនត្រូវបានប្រមូលផ្តុំនៅរដ្ឋ Johor រដ្ឋ Selangor និងទីក្រុងគូឡាឡាំពួរ។
តួលេខខាងលើបង្ហាញសញ្ញានៃការកើនឡើងចំនួន៣ភាគរយ បើធៀបនឹងស្តុកលំនៅដ្ឋានដែលលក់មិនចេញចំនួន១២៥.៣៦២យូនីតនៅក្នុងត្រីមាសទីមួយ។ លំនៅដ្ឋានដែលលក់មិនវេញមួយផ្នែកធំមានតម្លៃក្រោម៣០មុឺនរីងហ្គីត ក្នុងមួយយូនីត។
ស្ថាប័ន Kenanga Research បានអះអាងថា “ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីបង្កើនជម្រើសលំនៅដ្ឋានដែលមានតម្លៃសមរម្យយ៉ាងណាក្តី ក៏ប្រជាជនម៉ាឡេស៊ីជាច្រើន ជាពិសេសអ្នកទិញវ័យក្មេងនៅតែប្រឈមមុខនឹងបញ្ហាក្នុងការទិញផ្ទះដោយសារតែកម្រិតប្រាក់ចំណូលមិនគ្រប់គ្រាន់ ការលំបាកក្នុងការទទួលបានប្រាក់កម្ចីទិញផ្ទះ និងការកើនឡើងនៃការចំណាយលើការរស់នៅ”៕ប្រភព: NST Online៕