វៀតណាមគ្រោងពង្រីកបណ្តាញរថភ្លើងឆ្លងកាត់ទីក្រុងហាណូយ និងហូជីមិញ ដើម្បីតភ្ជាប់ភាគខាងជើង និងភាគខាងត្បូង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីភាគខាងជើងទៅកាន់ភាគខាងត្បូងនៃប្រទេសវៀតណាមគ្រោងពង្រីកឆ្លងកាត់ទីក្រុងហាណូយក្នុងចម្ងាយ២៧គីឡូម៉ែត្រ និងឆ្លងកាត់ទីក្រុងហូជីមិញក្នុងចម្ងាយ១៣គីឡូម៉ែត្រ។

យោងតាមសម្ព័ន្ធក្រុមប្រឹក្សាយោបល់រវាងក្រុមហ៊ុនវៀតណាម TEDI ក្រុមហ៊ុន TRICC និងក្រុមហ៊ុន TEDIS បានឱ្យដឹងថា ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះនឹងចាប់ផ្តើមចេញពីត្រង់ចំណុចស្ថានីយ៍ Ngoc Hoi ក្នុងសង្កាត់ Thanh Tri នៃទីក្រុងហាណូយ។

ស្ថានីយ៍ Ngoc Hoi នឹងបម្រើមុខងារជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ដែលរួមមានស្ថានីយ៍អ្នកដំណើរ និងស្ថានីយ៍ដឹកជញ្ជូន រួមជាមួយនឹងឃ្លាំងសម្រាប់ផ្ទុក និងថែទាំរថភ្លើង។

ទីក្រុងហាណូយគ្រោងនឹងបែងចែកផ្ទៃដីប្រហែល២៥០ហិកតាសម្រាប់សាងសង់ស្ថានីយនេះ ដើម្បីច្របាច់បញ្ចូលគ្នានូវផ្លូវរថភ្លើងនៅក្នុងទីក្រុងចំនួន៣ខ្សែ និងផ្លូវរថភ្លើងថ្នាក់ជាតិចំនួន៤ខ្សែ ដើម្បីធានាការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកដំណើរដែលជិះតាមរថភ្លើងល្បឿនលឿន។

នៅត្រឹមឆ្នាំ២០៥០ខាងមុខ ស្ថានីយ៍នេះត្រូវបានគេរំពឹងថា នឹងអាចផ្ទុកអ្នកដំណើរប្រចាំថ្ងៃចំនួន១៧០.០០០នាក់ ដោយក្នុងនោះ ក្រុមអ្នកជំនាញរំពឹងថា នឹងមានមនុស្សប្រមាណ៤៦.០០០នាក់ ឬស្មើនឹង២៧% ធ្វើដំណើរទៅកាន់តំបន់កណ្តាលទីក្រុង និងមានមនុស្សចំនួន១២៤.០០០នាក់ទៀត ឬស្មើនឹង៧៣% ធ្វើដំណើរទៅកាន់ស្រុក និងបណ្តាខេត្តដទៃ។

បណ្តាញផ្លូវ​រថភ្លើង​នេះនឹង​ឆ្លងកាត់ចូលទៅកាន់ទីក្រុង​ហូជីមិញក្នុងចម្ងាយ១៣គីឡូម៉ែត្រ ​បន្ទាប់​ពី​ឆ្លង​កាត់​ទន្លេ Dong Nai។ បន្ទាប់មក ខ្សែរថភ្លើងនេះនឹងឆ្លងកាត់ផ្លូវប្រសព្វជាមួយផ្លូវក្រវ៉ាត់ក្រុងលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងលេខ២ មុនពេលឈានចូលទៅដល់ស្ថានីយ៍ Thu Thiem ស្ថិតនៅក្នុងទីក្រុង Thu Duc។

គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីភាគខាងជើងទៅកាន់ភាគខាងត្បូងរបស់ប្រទេសវៀតណាមនឹងលាតសន្ធឹងប្រវែងសរុបប្រមាណ១.៥៤១គីឡូម៉ែត្រ ដោយតភ្ជាប់ទីក្រុង និងខេត្តចំនួន២០ តាមរយៈស្ថានីយចំនួន២៦ទីតាំង ដើម្បីជំរុញប្រសិទ្ធភាពដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ចទូទាំងប្រទេស៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here