ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលហ្វីលីពីនបានសម្រេចដាក់ពន្ធអាករលើតម្លៃបន្ថែមចំនួន១២% លើសេវាកម្មឌីជីថលដែលផ្តល់ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជាក្រុមហ៊ុន Amazon ក្រុមហ៊ុន Netflix ក្រុមហ៊ុន Disney និងក្រុមហ៊ុន Alphabet។
វិធានការនេះមានគោលបំណងការពារឧស្សាហកម្មក្នុងស្រុក និងធ្វើឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នារវាងក្រុមហ៊ុនបរទេស និងក្រុមហ៊ុនហ្វីលីពីន។នេះបើយោងតាមការិយាល័យចំណូលផ្ទៃក្នុងរបស់ប្រទេសហ្វីលីពីន (BIR)។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានចុះហត្ថលេខាលើច្បាប់មួយស្តីពីការដាក់ពន្ធអាករលើតម្លៃបន្ថែមលើក្រុមហ៊ុនផ្តល់សេវាឌីជីថលក្រៅប្រទេស ដូចជាសេវាស្ទ្រីម និងកម្មវិធី Software ដែលជួយមនុស្សស្វែងរកព័ត៌មានតាមអនឡាញ។
-->
ការិយាល័យចំណូលផ្ទៃក្នុងរបស់ប្រទេសហ្វីលីពីន (BIR) បានអះអាងថា កន្លងមក រដ្ឋាភិបាលរបស់យើងតម្រូវឱ្យតែក្រុមហ៊ុនផ្តល់សេវាឌីជីថលក្នុងស្រុកប៉ុណ្ណោះ ត្រូវបង់ពន្ធអាករលើតម្លៃបន្ថែមចំនួន១២ភាគរយ។
លោក Romeo Lumagui អគ្គស្នងការនៃការិយាល័យ BIR បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការយកពន្ធនឹងលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដែលកំពុងទទួលបានផលចំណេញពីអ្នកប្រើប្រាស់សេវាឌីជីថលនៅទូទាំងប្រទេសហ្វីលីពីន។
បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជាក្រុមហ៊ុន Netflix ក្រុមហ៊ុន Disney ក្រុមហ៊ុន Google និងក្រុមហ៊ុន Amazon មិនបានធ្វើអត្ថាធិប្បាយណាមួយឡើយ។
ការិយាល័យទំនាក់ទំនងប្រធានាធិបតីបានកត់សម្គាល់ថា ប្រទេសហ្វីលីពីនគ្រោងប្រមូលពន្ធអាករលើតម្លៃបន្ថែម ឱ្យបានចំនួន១០៥ពាន់លានប៉េសូ (ប្រមាណ១,៩ពាន់លានដុល្លារ) រវាងពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៩។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr គ្រោងនឹងវិភាជន៍ប្រាក់ចំណូលចំនួន៥%ពីការប្រមូលពន្ធនេះដើម្បីផ្តល់មូលនិធិដល់គម្រោងឧស្សាហកម្មនវានុវត្តន៍៕ប្រភព: VNA៕
