ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលក់សំបុត្រធ្វើដំណើរតាមរយៈរថភ្លើងល្បឿនលឿនរបស់ប្រទេសវៀតណាមជាមធ្យមក្នុងមួយគីឡូម៉ែត្រត្រូវបានស្នើឡើងក្នុងកម្រិតទាបជាងនៅប្រទេសចិន ជប៉ុន និងឥណ្ឌូនេស៊ី។
យោងតាមការសិក្សាជាមុនអំពីលទ្ធភាពគម្រោងផ្លូវរថភ្លើងល្បឿនលឿនភាគខាងជើង-ភាគខាងត្បូងរវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលនឹងរត់ក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង សំបុត្រធ្វើដំណើរថ្នាក់ទី១ នឹងមានតម្លៃចំនួន៦,៩លានដុង (ប្រមាណ២៨០ដុល្លារ)។
ចំណែក តម្លៃសំបុត្រធ្វើដំណើរថ្នាក់ទីពីរ និងតម្លៃសំបុត្រធ្វើដំណើរថ្នាក់ទី៣ នឹងកំណត់ចំនួន២,៩លានដុង(ប្រហែល១១៧ដុល្លារ) និង១,៧លានដុង(ប្រហែល៦៨,៥ដុល្លារ)រៀងគ្នា។
-->
ដោយសារផ្លូវរថភ្លើងល្បឿនលឿនមានប្រវែងសរុបចំនួន១.៥៤១គីឡូម៉ែត្រ តម្លៃធ្វើដំណើរជាមធ្យមត្រូវបានគេរំពឹងថា នឹងមានទំហំទឹកប្រាក់ចំនួន០,១៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រសម្រាប់សំបុត្រថ្នាក់ទីមួយ ០,០៧ដុល្លារសម្រាប់ថ្នាក់ទីពីរ និង០,០៤ដុល្លារសម្រាប់សំបុត្រថ្នាក់ទីបី។
តម្លៃខាងលើនេះមានកម្រិតស្រដៀងគ្នានឹងតម្លៃសំបុត្ររថភ្លើងល្បឿនលឿននៅក្នុងប្រទេសចិន។ បច្ចុប្បន្ន ចិនជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក ដែលបានដាក់ឱ្យប្រើប្រាស់ផ្លូវដែកល្បឿនលឿនវែងជាងគេក្នុងចម្ងាយ៤៦.០០០គីឡូម៉ែត្រ។
តម្លៃសំបុត្ររថភ្លើងថ្នាក់ធុរកិច្ចជាមធ្យមសម្រាប់ផ្លូវដែកល្បឿនលឿនពីទីក្រុងសៀងហៃទៅកាន់ទីក្រុងប៉េកាំងចម្ងាយ១.៣១៨គីឡូម៉ែត្រមានទំហំទឹកប្រាក់ចំនួន២៣១៨យ័ន (ប្រមាណ៣៣០ដុល្លារ) ខណៈសំបុត្រធ្វើដំណើរថ្នាក់ទី១ និងទី២មានតម្លៃចំនួន១.០៣៥យ័ន និង៦២៦យ័នរៀងគ្នា។
ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុងតូក្យូ ទៅកាន់ទីក្រុង Aomori ក្នុងប្រទេសជប៉ុន ក៏មានសំបុត្រចំនួន៣ប្រភេទផងដែរ។ ក្នុងនោះ សំបុត្រដែលមានតម្លៃថ្លៃជាងគេប្រភេទ GranClass មានតម្លៃ២៨.៧៨០យ៉េន (២០០ដុល្លារអាមេរិក) ខណៈសំបុត្រថ្នាក់ទី១ និងថ្នាក់ទី២មានតម្លៃ២៣.៥៤០យ៉េន និង១៧.៤៧០យ៉េនរៀងគ្នា។
ផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុងហ្សាការតា និងទីក្រុង Bandung ដែលជាទីក្រុងធំជាងគេបំផុតទាំង២របស់ប្រទេសឥណ្ឌូនេស៊ីមានប្រវែង១៤២គីឡូម៉ែត្រ។សំបុត្ររថភ្លើងថ្នាក់ធុរកិច្ចមានតម្លៃ០,២៨ដុល្លារក្នុងមួយគីឡូម៉ែត្រ ខណៈសំបុត្រថ្នាក់ទី១ និងថ្នាក់ទី២មានតម្លៃ០,២ដុល្លារ និង០,០៩ដុល្លារក្នុងមួយគីឡូម៉ែត្រ៕ប្រភព: Vnexpress៕
