ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអុីស្រាអែលមានភាពឯកោកាន់តែខ្លាំងឡើង បន្ទាប់ពីសម្រេចលើកទ័ពវាយលុកចូលទៅកាន់តំបន់ហ្កាហ្សា ដើម្បីកម្ចាត់ក្រុមហាម៉ាស់ ដោយបង្កឱ្យមានការសម្លាប់រង្គាលលើជនស្លូតត្រង់ប៉ាឡេស្ទីន។
ការប្រព្រឹត្តិអំពើហឹង្សាហួសហេតុរបស់អុីស្រាអែលលើប្រជាជនប៉ាឡេស្ទីន បានធ្វើឱ្យការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះអុីស្រាអែលថយចុះ បើទោះបីជាមានការគាំទ្រយ៉ាងម៉ឺងម៉ាត់ពីសហរដ្ឋអាមេរិកយ៉ាងណាក្តី។
ជម្លោះនេះបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអុីស្រាអែលដាំក្បាលចុះ ខណៈកំពង់ផែ Eilat បានដាក់ពាក្យក្ស័យធន។វិស័យកសិកម្មរបស់អុីស្រាអែលស្ថិតនៅទ្រឹង ហើយឧស្សាហកម្មទេសចរណ៍របស់អុីស្រាអែលក៏រងផលប៉ះពាល់ផងដែរ។
ជំនួសឱ្យការប្រកាសបទឈប់បាញ់ចំពោះការវាយលុកនៅតំបន់ហ្គាហ្សា អុីស្រាអែលបែរជាបានចាប់ផ្តើមប្រតិបត្តិការវាយលុកមួយផ្សេងទៀត ដែលលើកនេះភាពតានតឹងបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសលីបង់ប្រឆាំងនឹងក្រុមហេសបូឡា។
ខាងក្រោមនេះជាការវិភាគរបស់ស្ថាប័នសារពត៌មានអារ៉ាប់ដ៏ល្បីល្បាញ Al Jazeera លើទិដ្ឋភាពបច្ចុប្បន្ន និងអនាគតនៃជម្លោះនៅតំបន់មជ្ឈឹមបូព៌ា:
ជម្លោះដ៏ក្តៅគគុករវាងអុីស្រាអែល និងក្រុមហេបូឡា ដែលអាចផ្ទុះទៅជាសង្គ្រាមទ្រង់ទ្រាយធំទូទាំងតំបន់ នឹងធ្វើឲ្យសេដ្ឋកិច្ច និងកម្លាំងយោធារបស់អុីស្រាអែលធ្លាក់ចុះ ហើយការលើកឡើងថា ក្រុមហេសបូឡា អាចត្រូវបានកម្ចាត់ចោលទាំងស្រុងជាការគិតបែបឆោតល្ងង់។ ប៉ុន្តែផ្ទុយទៅវិញ ការរងទុក្ខវេទនារបស់ប្រជាជនលីបង់ និងការបំផ្លិចបំផ្លាញផ្នែកជាច្រើននៃប្រទេសលីបង់ជាលទ្ធផលផ្ទាល់ជាក់ស្ដែង។
ជាឧទាហរណ៍ស្រាប់កាលពីឆ្នាំ២០០៦ ការធានាឱ្យក្រុមរបស់ខ្លួនបន្តរស់រានមានជីវិតជាអាទិភាពចម្បង ដែលក្រុមហេបូឡាបានប្រកាន់យកនៅពេលនោះដើម្បីប្រកាសជ័យជម្នះ។ ចំណែក បច្ចុប្បន្ន ខណៈកងទ័ពអុីស្រាអែលកំពុងស្ថិតនៅក្នុងទឹកដីលីបង់ ក្រុមហេបូឡានឹងបន្តបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីលស្រោចលើទឹកដីអុីស្រាអែល ដើម្បីជាការសងសឹកគ្នាទៅវិញទៅមក។
ការធ្វើសង្គ្រាមតាមរយៈយុទ្ធសាស្ត្រ“យកគ្នាតិចប្រឆាំងគ្នាច្រើន”និងការណ៍ ដែលប្រទេសតូចមួយបានប្រយុទ្ធនឹងអ្នកឈ្លានពានជាច្រើននៅក្នុងរយៈពេលខ្លី និងការធ្វើសង្រ្គាមដ៏មុតស្រួចដែលបានធ្វើឱ្យសត្រូវរបស់ខ្លួនចាញ់ ជាការយល់ឃើញរបស់អុីស្រាអែលអំពីប្រវត្តិសាស្រ្តរបស់ខ្លួន។
ទោះជាយ៉ាងណា ជ័យជំនះអាចបង្កប់ទៅដោយគ្រោះថ្នាក់ ជាពិសេសនៅពេលដែលកងទ័ពអុីស្រាអែលមានមោទនភាពជ្រុល ឬមានអំណួតហួសហេតុលើខ្លួនឯង។ការប្រើប្រាស់កម្លាំងយោធាមិនបានត្រឹមត្រូវ និងបញ្ហានយោបាយជាមូលដ្ឋានបានអូសទាញប្រទេសអុីស្រាអែលមួយជំហានម្តងៗចូលទៅក្នុងស្ថានភាពបច្ចុប្បន្នរបស់ខ្លួន។
លោក Abraham Maslow អ្នកជំនាញចិត្តសាស្រ្តជនជាតិអាមេរិក ធ្លាប់បានលើកឡើងជាសុភាសិតមួយឃ្លាថា “ប្រសិនបើឧបករណ៍តែមួយគត់ ដែលអ្នកមាន ជាញញួរ នោះអ្នកមើលឃើញរាល់បញ្ហាទាំងអស់គ្រាន់តែជាដែកគោលមួយដើមតែប៉ុណ្ណោះ”។
អុីស្រាអែលបានក្លាយទៅជាប្រទេសស្តាំនិយមជ្រុល ជាពិសេសយុវជនអុីស្រាអែល កាន់តែគ្មានការអត់ឱនចំពោះជនជាតិប៉ាឡេស្ទីន។ ភាពទន់ខ្សោយនៃប្រព័ន្ធនយោបាយដែលពឹងផ្អែកលើរដ្ឋាភិបាលចម្រុះ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយគណបក្សនយោបាយជ្រុលនិយម និងបានភ្ជាប់មកជាមួយនូវថ្នាក់ដឹកនាំ ដែលពឹងផ្អែកលើការធ្វើសង្គ្រាមជាឧបករណ៍ ដើម្បីបន្តកាន់អំណាច និងបន្តជីវិតនយោបាយ។
ជាលទ្ធផល ការគិតជាក្រុមនឹងក្លាយជាមហន្តរាយសម្រាប់អុីស្រាអែល និងសម្រាប់បណ្តាប្រទេសជិតខាងរបស់ខ្លួន។
ក្រុមសត្រូវរបស់អុីស្រាអែលបានដឹងច្បាស់ជាងនរណាៗទាំងអស់ ដោយពួកគេបានធ្វើការវាយឆ្មក់ ព្រមទាំងបាញ់គ្រាប់រ៉ុក្កែត ការពួនក្នុងផ្លូវរូងក្រោមដី និងការធ្វើសង្គ្រាមដោយសន្សឹមៗដើម្បីបំផ្លាញសេដ្ឋកិច្ចរបស់អុីស្រាអែល។ យុទ្ធសាស្ដ្រទាំងនេះ កំពុងធ្វើឱ្យអុីស្រាអែលស្រុតចុះបន្តិចម្តងៗ ហើយសម្ព័ន្ធមិត្តរបស់អុីស្រាអែលវិញកាន់តែមានការខកចិត្ត ក្រោយមើលឃើញការរងទុក្ខវេទនារបស់ជនសុីវិលស្លូតត្រង់។
ដោយសារគ្មានសញ្ញានៃដំណោះស្រាយចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សានៅឡើយ ដូច្នេះ ការធ្វើឱ្យមានភាពប្រក្រតីនៃទំនាក់ទំនងរវាងអុីស្រាអែលជាមួយបណ្តារដ្ឋអារ៉ាប់ក្នុងតំបន់ត្រូវបានគេផាត់ចោលមួយឡែក។ ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីនាំអុីស្រាអែលចូលទៅក្នុងសហគមន៍ការទូតក្នុងតំបន់បានរលាយបាត់យ៉ាងឆាប់រហ័ស។
បណ្តារដ្ឋអារ៉ាប់បានរិះគន់ចំពោះបញ្ហាអមនុស្សធម៌នៃសង្គ្រាមនៅតំបន់ហ្គាហ្សា និងគ្រោះថ្នាក់ដល់ស្ថិរភាពក្នុងតំបន់។ គ្រោះថ្នាក់នេះបានរីកសាយធំ ដោយសារការវាយលុករបស់អុីស្រាអែលទៅកាន់ភាគខាងត្បូងប្រទេសលីបង់។
យ៉ាងណាមិញ សហរដ្ឋអាមេរិកកំពុងបន្ទាបឥទ្ធិពលអំណាច និងវត្តមានជាសកលរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់គាំទ្រទាំងស្រុងចំពោះអុីស្រាអែល ទោះបីជាអុីស្រាអែលបានប្រព្រឹត្តខុសយ៉ាងណាក្តី។
ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ (UN)មិនត្រូវបានគេអើពើ ឬខ្វាយខ្វល់ឡើយ ហើយសំឡេងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក៏មិនត្រូវបានយកចិត្តទុកដាក់ ដោយសារអំណាចនៃសិទ្ធិវេតូ(Veto) របស់ទីក្រុងវ៉ាសុីនតោន ហើយការធ្វើបែបនេះបាននាំឱ្យគោលការណ៍កុងសង់ស៊ីសរបស់ស្ថាប័ន UN ដើរថយក្រោយ។
ក្រុមអ្នកវិភាគបានចោទជាសំណួរឡើងថា តើជម្លោះនេះនឹងបញ្ចប់នៅឯណា? ចុះតើជម្លោះនឹងបញ្ចប់ដោយរបៀបណា? តើជម្លោះនឹងចប់ទេ? ខណៈសត្រូវរបស់អុីស្រាអែលទំនងជាមិនអាចត្រូវបានកម្ចាត់ចោលអស់ទាំងស្រុងនោះទេ ហើយក្តីសង្ឃឹមសម្រាប់សន្តិភាពមានតិចតួចណាស់។ សង្គ្រាមនឹងអូសបន្លាយជារៀងរហូត ដោយផ្តល់នូវភាពសោកសៅជំនួសមកវិញ។
មនោគមវិជ្ជាជ្រុលនិយមបានរីកសាយនៅក្នុងប្រទេសអុីស្រាអែល ខណអុីស្រាអែលជឿជាក់ថា ពេលវេលារបស់ពួកគេបានមកដល់ហើយ ដែលជាឱកាសប្រវត្តិសាស្ត្រដើម្បីកម្ចាត់ប៉ាឡេស្ទីនចោលនាពេលនេះ៕ប្រភព: Al Jazeera ៕