ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីលានប្រណាំងសេះតែមួយគត់របស់ប្រទេសសិង្ហបុរីបានបិទទ្វារជាស្ថាពរ បន្ទាប់ពីមានប្រវត្តិសាស្ត្រនៃការបើកដំណើរការអស់រយៈពេលជាង១៨០ឆ្នាំកន្លងមក ខណៈទីលាននេះនឹងត្រូវបានប្រគល់ជូនរដ្ឋាភិបាលវិញ ដើម្បីសាងសង់លំនៅដ្ឋាន និងការប្រើប្រាស់ផ្សេងៗទៀត។
កាលពីថ្ងៃទី៥ ខែតុលា ជាថ្ងៃដែលក្លឹប Singapore Turf Club របស់សិង្ហបុរី បានរៀបចំការប្រណាំងសេះជាលើកចុងក្រោយរបស់ខ្លួននៅចំពោះមុខទស្សនជនចំនួន១០.០០០នាក់ មុនពេលក្លឹបប្រគល់ទីលានទំហំ១២០ហិកតានេះទៅឱ្យរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍន៍ឡើងវិញនៅឆ្នាំ២០២៧។
ក្លឹបខាងលើជាទីលានប្រណាំងតែមួយគត់របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោកដែលខ្វះខាតដីធ្លីសម្រាប់ការអភិវឌ្ឍន៍មួយនេះ។
ការប្រណាំងសេះក្នុងប្រទេសសិង្ហបុរីមានប្រវត្តិដ៏យូរលង់ចាប់តាំងពីសម័យអាណានិគម។ យោងតាមក្លឹបបានឱ្យដឹងថា ការប្រណាំងសេះលើកដំបូងនៅឆ្នាំ១៨៤៣ ត្រូវបានធ្វើឡើងដើម្បីប្រារព្ធខួបលើកទី២៤ របស់សិង្ហបុរី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស។
ដីនេះនឹងត្រូវបានប្រគល់ឱ្យរដ្ឋាភិបាលវិញដើម្បីបំពេញតម្រូវការលំនៅដ្ឋាន ទីធ្លាលំហែកាយ និងការកម្សាន្តនានា ខណៈចំនួនប្រជាជនរស់នៅប្រទេសដ៏តូចមួយនេះមានការកើនឡើង។ ប្រទេសសិង្ហបុរីមានទំហំផ្ទៃក្រឡាតូចជាងទីក្រុងញូវយ៉ក និងមានប្រជាជនចំនួន៦លាននាក់។
ក្លឹប Singapore Turf Club បានរាយការណ៍ថា ការចូលរួមទស្សនាការប្រណាំងសេះបានថយចុះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ជាក់ស្ដែង ការប្រណាំងម្តងៗធ្លាប់ទទួលបានអ្នកចូលរួមទស្សនាជាមធ្យមចំនួន១១.០០០នាក់ក្នុងឆ្នាំ២០១០។ ប៉ុន្តែ ចំនួនអ្នកទស្សនាបានធ្លាក់ចុះមកនៅត្រឹម៦.០០០នាក់ក្នុងឆ្នាំ២០១៩ និង២៦០០នាក់ នៅពេលដែលទីលានប្រណាំងបានបើកដំណើរឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ទីលាននេះអាចផ្ទុកអ្នកទស្សនាបានចំនួន៣០.០០០នាក់៕ប្រភព: Reuters ៕