នាយករដ្ឋមន្ដ្រីចិនជំរុញឱ្យពន្លឿនការបង្កើតផែនការសហប្រតិបត្តិការលើការងារបឋមនៃ គម្រោងផ្លូវដែកកម្ពុជា-ចិន

0

ដោយ: គង់ លាងហួរ
វៀងច័ន្ទន៍: លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈប្រើប្រាស់យន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាឱ្យបានពេញលេញ។

លោកបន្តថា ប្រទេសចិនគ្រោងបង្កើតគម្រោងប្រកបដោយគុណភាពខ្ពស់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។

លោក Li បានធ្វើការកត់សម្គាល់បែបនេះ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅខាងក្រៅកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទន៍។

លោក Li បានចង្អុលបង្ហាញថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពន្លឿនការរួមបញ្ចូលគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ព្រមទាំងរួមគ្នាអនុវត្តន៍កំណែថ្មីនៃផែនការសកម្មភាពសម្រាប់ការកសាងសហគមន៍អនាគតរួមចិន-កម្ពុជា។

លោក Li បានជំរុញឱ្យភាគីទាំងពីរពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់“ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម”និងការងារបឋមនៃផ្លូវដែកកម្ពុជា-ចិន ព្រមទាំងជំរុញយ៉ាងសកម្មនូវការកសាង “ច្រករបៀងត្រី និងស្រូវ”និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។

លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា ប្រទេសចិនលើកទឹកចិត្តសហគ្រាសចិនកាន់តែច្រើនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ហើយចិនមានឆន្ទៈក្នុងការនាំចូលផលិតផលកសិកម្មដែលមានគុណភាពល្អកាន់តែច្រើនពីកម្ពុជា ដោយលោកបានបន្ថែមថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងការសម្របសម្រួលពហុភាគីជាមួយកម្ពុជាដើម្បីការពារផលប្រយោជន៍រួមជាយុទ្ធសាស្ត្រ។

ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងចិនបានឈានចូលយុគសម័យថ្មីមួយសម្រាប់ការកសាងសហគមន៍អនាគតរួមគ្នាកម្ពុជា-ចិន។ សម្ដេចក៏បានថ្លែងអំណរគុណប្រទេសចិនចំពោះការគាំទ្រដ៏មានតម្លៃយូរអង្វែងរបស់ចិនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

សម្ដេចបន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តន៍ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការលើ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរប្រជាជន និងទេសចរណ៍ ពង្រឹងការអនុវត្តន៍ច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខរួមគ្នានិងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here