រដ្ឋាភិបាលថៃបង្ហាញផែនការវិនិយោគចំនួន៨០ពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ

0

ដោយ: គង់ លាងហួរ
បាងកក: ក្រសួងដឹកជញ្ជូនថៃដាក់ចេញគំនិតផ្តួចផ្តើមវិនិយោគខ្នាតធំក្រោមទុនវិនិយោគចំនួន២,៦៨ទ្រីលានបាត (ប្រហែល៨០,៥ពាន់លានដុល្លារ) ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសថៃ និងគាំទ្រការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

គម្រោងនេះនឹងផ្តោតលើការពង្រីកបណ្តាញផ្លូវដែក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានសំខាន់ៗ និងជួយលើកកម្ពស់ការដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយការកកស្ទះនៅតាមផ្លូវថ្នល់ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៤៥,៦លានតោននៅឆ្នាំ២០៣០។

គំនិតផ្តួចផ្តើមនេះជាផ្នែកមួយនៃផែនការសកម្មភាពថ្នាក់ជាតិសម្រាប់ឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ស្របតាមគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់ប្រទេសថៃក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

ក្រសួងក៏គ្រោងពង្រីកបណ្តាញរថភ្លើងអគ្គិសនីនៅក្នុងទីក្រុងបាងកក និងតំបន់ទីប្រជុំជន ដោយបានដាក់ចេញគោលដៅគ្របដណ្តប់លើផ្លូវដែកប្រវែង៥៥៤គីឡូម៉ែត្រនៅត្រឹមខែកញ្ញា ឆ្នាំ២០២៥។ គម្រោងនេះនឹងត្រូវបានតភ្ជាប់មកជាមួយប្រព័ន្ធលក់សំបុត្ររួម និងគោលនយោបាយកំណត់តម្លៃលក់សំបុត្ររថភ្លើងថេរចំនួន២០បាត (ប្រហែល០,៦០ដុល្លារ) ក្នុងមួយជើង។

ក្រសួងដឹកជញ្ជូនថៃ ក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនផ្លូវដែកធុនស្រាលនៅក្នុងទីក្រុងសំខាន់ៗក្នុងតំបន់ដូចជា ទីក្រុងឈៀងម៉ៃ ទីក្រុងខនខេន និងកោះភូកេត។

កន្លងទៅ រដ្ឋាភិបាលថៃបានបញ្ចប់ការសាងសង់ផ្លូវរថភ្លើងភ្លោះ(Double-track rail)សរុបប្រវែង៤.០៤៤គីឡូម៉ែត្រ ហើយរដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវរថភ្លើងភ្លោះបន្ថែមទៀតប្រវែង១.៤៧៩គីឡូម៉ែត្រនៅឆ្នាំ២០២៩ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកភស្តុភារ៕ប្រភព: VNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here