ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកទល់ពេលនេះ កំពូលមហាសេដ្ឋីទាំង៥រូប ដែលទទួលបានកំណើនទ្រព្យសម្បត្តិ ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ជាសហគ្រិនជនជាតិអាមេរិក ដែលប្រកបមុខជំនួញខ្នាតយក្សនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។
ប្រសិនបើបូកបញ្ចូលគ្នា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំង៥រូប បានកើនឡើងបន្ថែមទៀត ដល់ទឹកប្រាក់ចំនួន២៩០ពាន់លានដុល្លារអាមេរិក នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។
-->
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ទទួលបានចំណាត់ថ្នាក់លេខ១ បើគិតពីកំណើនទ្រព្យសម្បត្តិបន្ថែម ចំនួន៨០,៦ពាន់លានដុល្លាររបស់លោក នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែតុលា និងជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក បើគិតពីទំហំទ្រព្យសម្បត្តិសរុបរបស់លោកចំនួន២០៩ពាន់លានដុល្លារ។
ភាគហ៊ុន Meta បានហក់ឡើងថ្លៃចំនួន៧០ភាគរយ គិតត្រឹមថ្ងៃទី១២ ខែតុលា ខណៈការវិនិយោគរបស់លោក Zuckerberg ទៅលើបច្ចេកវិទ្យា Metaverse បានផ្តល់ផលត្រឡប់មកវិញ។
លោក Jensen Huang ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការទទួលបានកំណើន ទ្រព្យសម្បត្តិចំនួន៧៣,៨ពាន់លានដុល្លារបន្ថែមពីលើទ្រព្យសម្បត្តិ ដែលមានស្រាប់កន្លងមក។ បច្ចុប្បន្ន លោកជាមហាសេដ្ឋីធំបំផុតទី១១ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធ សរុបចំនួន១១៨ពាន់លានដុល្លារ។
លោក Larry Ellison ប្រធានប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Oracle បានទទួលកំណើនទ្រព្យសម្បត្តិ របស់ចំនួន៦២,៥ពាន់លានដុល្លារនៅឆ្នាំនេះ។ បច្ចុប្បន្ន លោកជាមហាសេដ្ឋីធំបំផុតលំដាប់ទី៥ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន១៨៥ពាន់លានដុល្លារ។
ជាមួយគ្នានេះ លោក Michael Dell នាយកប្រតិបត្តិក្រុមហ៊ុនផលិតកុំព្យូទ័រ Dell Technologies បានទទួលកំណើនទ្រព្យសម្បត្តិចំនួន៣៨,២ពាន់លានដុល្លារ នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែតុលា ខណៈទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានកើនឡើងបន្ថែមចំនួន៣៤,៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ៕ប្រភព: Vnexpress៕
