ដោយ: គង់ លាងហួរ
សេអ៊ូល: ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងកំណត់យកកោះ Jeju ជាតំបន់ធ្វើតេស្តសាកល្បងចល័តតាក់សុីហោះ(flying taxis) ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍នៅលើកោះដ៏ល្បីមួយនេះ។
លោក Yoon ក៏បានរៀបរាប់ពីផែនការដើម្បីជំរុញប្រែក្លាយកោះ Jeju ជាមជ្ឈមណ្ឌលទេសចរណ៍ និងថាមពលបៃតង ក្នុងសម័យប្រជុំពិភាក្សាដេញដោលអំពីគោលនយោបាយដែលបានរៀបចំឡើងនៅលើកោះ Jeju កាលពីថ្ងៃទី១៥ ខែតុលា។
តាក់សុីហោះជាប្រព័ន្ធមធ្យោបាយដឹកជញ្ជូន ដែលប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីដឹកជញ្ជូនមនុស្ស និងទំនិញនៅក្នុងតំបន់ទីក្រុង។
-->
ហេតុនេះ កោះ Jeju ដែលមានតំបន់ទេសចរណ៍សំខាន់ៗដូចជាភ្នំភ្លើង Halla និងភ្នំភ្លើង Seongsan Ilchulbong ត្រូវបានគេមើលឃើញថា ជាទីតាំងដ៏ល្អសម្រាប់តេស្តសាកល្បងតាក់សុីហោះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តនាពេលអនាគត។
លោក Yoon ក៏បានប្តេជ្ញាធ្វើការជាមួយរដ្ឋបាលខេត្តស្វយ័ត Jeju ដើម្បីសាងសង់កំពង់ផែថ្មីមួយនៅលើកោះនេះដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងនាវាទេសចរណ៍ ព្រមទាំងកសាងព្រលានយន្តហោះថ្មីមួយនៅលើកោះនេះផងដែរ។
ក្នុងវេទិកាជជែកដេញដោលគ្នា រដ្ឋាភិបាលរបស់លោក Yoon បានប្រកាសផែនការបណ្តាក់ទុនវិនិយោគចំនួន៥៦ពាន់លានវ៉ុន (ប្រហែល៤១លានដុល្លារ) នៅឆ្នាំ២០២៦ សម្រាប់គម្រោងផលិតថាមពលអុីដ្រូសែនបៃតង និងចាប់ផ្តើមគម្រោងសាកល្បងកែច្នៃអាគុយរថយន្តអគ្គិសនីដែលបានប្រើប្រាស់រួច។
ថាមពលអុីដ្រូសែនពណ៌បៃតងត្រូវបានផលិតដោយប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាខ្យល់ ពន្លឺព្រះអាទិត្យ ឬទំនប់វារីអគ្គិសនី តាមរយៈដំណើរការមួយហៅថា “Electrolysis”៕ប្រភព:Yonhap៕
