ការសិក្សា: កង្វះកម្លាំងពលកម្មរបស់ប្រទេសជប៉ុននឹងកើនឡើងដល់ចំនួនជិត៤លាននាក់នៅឆ្នាំ២០៣៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនបានរាយការណ៍ថា ប្រទេសជប៉ុនត្រូវបានព្យាករណ៍ថា នឹងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម ដែលស្មើនឹង៣,៨៤លាននាក់នៅត្រឹមឆ្នាំ២០៣៥ខាងមុខ។នេះបើយោងតាមការដកស្រង់ចុះផ្សាយបន្តដោយទីភ្នាក់ងារសារពត៌មានចិន Xinhua។

យោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Persol Research and Consulting និងសាកលវិទ្យាល័យ Chuo បានព្យាករណ៍ថា កង្វះកម្លាំងពលកម្មនៅប្រទេសជប៉ុននឹងកើនឡើង១,៨៥ដងធៀបនឹងឆ្នាំ២០២៣។ វិបត្តិនេះបណ្តាលមកពីការថយចុះនៃម៉ោងធ្វើការរបស់បុគ្គល ដោយសារតែការកែទម្រង់បែបបទការងារ និងវិធានការផ្សេងទៀត ក្នុងគោលបំណងកែលម្អតុល្យភាពជីវិតការងារ។

ចំនួនកម្លាំងពលកម្ម ត្រូវបានគេរំពឹងថានឹងកើនឡើងពី៦៧,៤៧លាននាក់ក្នុងឆ្នាំ២០២៣ ដល់៧១,២២លាននាក់ក្នុងឆ្នាំ២០៣៥ ដោយរួមមានស្ត្រី កម្មករវ័យចាស់ជរា និងលំហូរជនបរទេសកាន់តែច្រើនចូលក្នុងទីផ្សារការងារជប៉ុន។ទោះបីជាចំនួនកម្លាំងពលកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើងយ៉ាងណាក្តី ក៏ចំនួននេះនៅតែមិនអាចបំពេញកំណើននៃតម្រូវការបានគ្រប់គ្រាន់នោះទេ។

ជាមួយគ្នានេះ ចំនួន​ពលករ​បរទេស​ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​ នឹង​កើន​ឡើង​ពី​២,០៥​លាន​ដល់​៣,៧៧​លាន​នាក់​នៅឆ្នាំ២០៣៥។

ទោះជាយ៉ាងណាក្តី ចំនួនម៉ោងធ្វើការជាមធ្យមប្រចាំឆ្នាំក្នុងមនុស្សម្នាក់ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៨,៨ភាគរយនៅឆ្នាំ២០៣៥ខាងមុខ ដោយសារតែការកើនឡើងនៃចំនួនពលករដែលមានវ័យចំណាស់ និងការអនុវត្តន៍កំណែទម្រង់ក្នុងវិស័យការងារ។

ដើម្បីកាត់បន្ថយបញ្ហាខ្វះខាតកម្លាំងពលកម្ម របាយការណ៍បានផ្តល់ជាអនុសាសន៍លើកំណែទម្រង់ រួមទាំងការកែសម្រួលប្រព័ន្ធពន្ធ និងរបបសន្តិសុខសង្គម ដើម្បីទប់ស្កាត់ការកាត់បន្ថយម៉ោងធ្វើការ ការលើកទឹកចិត្តការងារ និងការបង្កើនផលិតភាព ជាពិសេសតាមរយៈការច្របាច់រួមបញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here