ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅលើទីផ្សារអចលនទ្រព្យឥណ្ឌាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយតម្លៃលំនៅដ្ឋានជាមធ្យមក្នុងគម្រោងបើកដំណើរការថ្មីនៅទីក្រុងកំពូលទាំង១០របស់ឥណ្ឌា បានកើនឡើង៨៨ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៤។
និន្នាការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ថ្មីរបស់ក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យ PropEquity ដែលមានទីស្នាក់ការនៅទីក្រុង Gurgaon ក្នុងរដ្ឋHaryana របស់ប្រទេសឥណ្ឌា។
របាយការណ៍បានបង្ហាញថា តម្លៃលំនៅដ្ឋានជាមធ្យមក្នុងគម្រោងបើកដំណើរការលក់ថ្មីនៅទីក្រុង Gurugram បានកើនឡើងយ៉ាងលឿនបំផុតលំដាប់លេខរៀងទី១ ពី៧.៥០០រូពី(ប្រហែល៨៩,២ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ ដល់១៩.៥០០រូពី(ប្រហែល២៣២ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ តួលេខនេះមានការកើនឡើង១៦០% ក្នុងរយៈពេល៥ឆ្នាំ។
-->
ចំណែក តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុង Noida បានឈរនៅលេខរៀងទី២ ដោយតម្លៃផ្ទះបានកើនឡើងពី៦.៥០០រូពី(ប្រហែល៧៧,៣ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ ដល់១៦.០០០រូពី(ប្រហែល១៩០,៣ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ ចំនួននេះបង្ហាញពីការកើនឡើង១៤៦% ក្នុងរយៈពេល៥ឆ្នាំ។
ជាមួយគ្នានេះ តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុង Bengaluru បានឈរនៅលេខរៀងទី៣ ខណៈតម្លៃផ្ទះបានកើនឡើងពី៥.០៥១រូពី(ប្រហែល៦០ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ដល់១០.០២០រូពី(ប្រហែល១២០ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ ចំនួននេះបង្ហាញពីការកើនឡើង៩៨% ក្នុងរយៈពេល៥ឆ្នាំ។
តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុង Hyderabad បានឈរនៅលេខរៀងទី៤ ខណៈតម្លៃផ្ទះបានកើនឡើងពី៤.៦៨៦រូពី(ប្រហែល៥៥,៧ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ ដល់៨.៥០០រូពី(ប្រហែល១០១ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ ចំនួននេះបង្ហាញពីការកើនឡើង៨១% ក្នុងរយៈពេល៥ឆ្នាំ។
រីឯ ចំណាត់ថ្នាក់លេខ៥ បានទៅលើទីក្រុង Chennai ខណៈតម្លៃផ្ទះបានកើនឡើងពី៤.៤៥១រូពី(ប្រហែល៥៣ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ ដល់៨.០២៣រូពី(ប្រហែល៩៥,៤ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ ចំនួននេះបង្ហាញពីការកើនឡើង៨០% ក្នុងរយៈពេល៥ឆ្នាំ។
ចំណែក ចំណាត់ថ្នាក់លេខ៦ លេខ៧ លេខ៨ លេខ៩ និងលេខ១០ បានទៅលើទីក្រុង Pune ទីក្រុង Navi Mumbai ទីក្រុង Kolkata ទីក្រុង Thane និងទីក្រុង Mumbai រៀងគ្នា។
នៅចន្លោះឆ្នាំ២០១៩ដល់ឆ្នាំ២០២៤ គម្រោងប្រមាណ១៥.០០០គម្រោង រួមមានទាំងអគារអាផាតមុិន និងផ្ទះវីឡា ត្រូវបានបើកដំណើរការលក់នៅក្នុងទីក្រុងកំពូលទាំង១០ខាងលើ។
លោក Samir Jasuja ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យ PropEquity បានលើកឡើងថា “តម្លៃលំនៅដ្ឋានបានកើនឡើងយ៉ាងគំហុកនៅទូទាំងទីក្រុងធំៗទាំង១០ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ”។
ការកើនឡើងនៃតម្លៃផ្ទះបានបណ្តាលមកពីកត្តានានាដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ការចាប់អារម្មណ៍ពីសំណាក់ប្រជាជនឥណ្ឌា បុគ្គលដែលមានទ្រព្យចាប់ពី១លានដុល្លារទៅ៥លានដុល្លារ (HNIs) និងបុគ្គលដែលមានទ្រព្យចាប់ពី៣០លានដុល្លារទៅ៩៩៩លានដុល្លារ (UHNIs) រួមទាំងការហក់ឡើងថ្លៃនៃផ្សារហ៊ុនឥណ្ឌា។
ជាមួយគ្នានេះ ការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងការទិញផ្ទះដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិពេញលេញ និងការងាកឆ្ពោះទៅរកផ្ទះប្រណីត និងទំនើបៗក៏បានរួមចំណែកដល់ការកើនឡើងនៃតម្លៃផ្ទះផងដែរ៕ប្រភព: The Economic Times៕
