ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈតម្រូវការមាសកើនឡើង ក្រោយពីប្រទេសអុីស្រាអែលប្រកាសត្រៀមវាយប្រហារទីតាំងនានាដែលជាប់ទាក់ទងនឹងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា ដោយបង្កឱ្យមានការភ័យខ្លាចថា ជម្លោះនេះនឹងផ្ទុះរាលដាលកាន់តែខ្លាំងឡើង។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៨ភាគរយដល់២៧៣២,៦៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៦ភាគរយដល់២.៧៤៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៤នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧១៩,៦៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៣៨,៩០ដុល្លារក្នុងមួយអោន។
-->
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩០,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះបន្តិចមកនៅត្រឹម១០៣,៩៧ពិន្ទុគិតត្រឹមម៉ោង១០:៤៧នាទីព្រឹកនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០៤,០១ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥៦%ដល់៣៤,២៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,០៤%ដល់១០១៧,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩៩%ដល់១.០៦៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៨នាទីព្រឹក។

