ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារអាមេរិកបានស្ទុះងើបឡើងថ្លៃ ដោយសារគោលនយោបាយពន្ធ និងការរឹតបន្តឹងលើជនអន្តោប្រវេសន៍របស់លោកដូណាល់ត្រាំត្រូវបានគេរំពឹងថា នឹងបង្កើនអតិផរណា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀត។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៣ភាគរយដល់២៧៤៤,៧៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៤ភាគរយដល់២.៧៥៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧៤៨,៣៨ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៥៩,៨០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,១៣ពិន្ទុគិតត្រឹមម៉ោង១០:៥០នាទីព្រឹកនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០៤,០៨ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦%ដល់៣៤,៨៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១៩%ដល់១០៤៣,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៨%ដល់១០៧៩,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៥០នាទីព្រឹក៕