ការតភ្ជាប់ផ្លូវដែករវាងប្រទេសចិន និងវៀតណាមអាចនឹងចំណាយទុនវិនិយោគជាង៧ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលវៀតណាមបានប៉ាន់ស្មានថា ការសាងសង់ផ្លូវដែកថ្មីមួយ តភ្ជាប់រវាងវៀតណាម ជាមួយខេត្តយូណាន របស់ប្រទេសចិន ត្រូវការទុនវិនិយោគចំនួន១៧៩ទ្រីលានដុង(ប្រហែល៧,២ពាន់លានដុល្លារ)។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA បានរាយការ​ណ៍ថា ផ្លូវរថភ្លើងប្រវែង៤២៧គីឡូម៉ែត្រនេះ នឹងធ្វើដំណើរពីខេត្តLao Cai ជាប់ព្រំដែនខេត្តយូណានរបស់ចិន ឆ្លងកាត់រដ្ឋធានីហាណូយ និងទីក្រុងកំពង់ផែ Haiphong ទៅកាន់ទីក្រុង Ha Long។

វៀតណាមបាន និងកំពុងខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័​ន្ធផ្លូវដែក ដែលមានអាយុកាលចំណាស់របស់ខ្លួន រួមទាំងផែន​ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលរត់តាមបណ្តោយប្រទេសវៀតណាម និងខ្សែរថភ្លើង តភ្ជាប់ជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន VNA បានរបាយការណ៍ថា អាជ្ញាធរផ្លូវដែកវៀតណាម បានដាក់ស្នើផែនការសាងសង់ផ្លូវរថភ្លើង ពីទីក្រុង Lao Cai ទៅទីក្រុង Ha Long ទៅកាន់ក្រសួងដឹកជញ្ជូនដើម្បីត្រួតពិនិត្យ និងអនុម័ត។

ការសាងសង់ផ្លូវដែកនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០៣០ ហើយតម្រូវការដឹកជញ្ជូនតាមបណ្តោយផ្លូវដែកនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងមានអ្នកដំណើរចំនួន៨,៣លាននាក់ និងទំនិញចំនួន១៧,៥លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៥០។

កន្លងមក រដ្ឋាភិបាលវៀតណាម បានស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាពីប្រទេសចិន ក្នុងការអភិវឌ្ឍន៍ផ្លូវដែកតភ្ជាប់រវាងប្រទេសទាំង២ និងធ្វើឱ្យប្រសើរឡើង នូវផ្លូវរថភ្លើងដែលមានអាយុកាលចំណាស់។

បណ្តាប្រទេសជិតខាងទាំង២ បានបង្ហាញចំណាប់អារម្ម​ណ៍ ក្នុងការជំរុញការតភ្ជាប់ផ្លូវដែក ហើយថ្នាក់ដឹកនាំកំពូលចិន និងវៀតណាម ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការផ្លូវដែក ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ប្រទេសរបស់គ្នាទៅវិញទៅមកផងដែរ៕ ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here