ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេស(SEZ) ចំនួន៥ ក្នុងរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវបានទាក់ទាញទុនវិនិយោគសរុបចំនួន៦២២,៥៩លានដុល្លារអាមេរិក។
ចំនួនទុនវិនិយោគខាងលើមានប្រភពមកពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសថ្មីចំនួន៣៩។ លទ្ធផលនេះបានកើនឡើងលើសពីគោលដៅប្រចាំឆ្នាំរបស់ទីក្រុងវៀងច័ន្ទន៍ ដែលបានកំណត់ចំនួន៣៥ក្រុមហ៊ុន។
របាយការណ៍នេះត្រូវបានប្រកាសក្នុងកិច្ចប្រជុំ នៅការិយាល័យរដ្ឋបាលក្រុងវៀងច័ន្ទន៍ ដែលដឹកនាំដោយលោក Suliwat Suvanajumkham ទេសាភិបាលរងរបស់ធនាគារកណ្ដាលឡាវ និងលោក Sirilat Nongsin Thongpheng អភិបាលរងនៃរដ្ឋធានីវៀងច័ន្ទន៍។
កិច្ចប្រជុំនេះបានផ្តោតលើវឌ្ឍនភាព ដែលធ្វើឡើងស្របតាមរបៀបវារៈជាតិ និងគោលដៅដែលមានចែងនៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើកទី៩។
លោក Sirilat បានរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងទាក់ទាញការវិនិយោគរបស់ទីក្រុងវៀងចន្ទន៍ ដែលបានចាប់ផ្តើមនៅឆ្នាំ២០២១ តាមរយៈគម្រោងក្នុងវិស័យជាច្រើន រួមមានវិស័យកសិកម្ម ព្រៃឈើ ឧស្សាហកម្ម ពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍ ការងារសាធារណៈ និងការដឹកជញ្ជូន។
គិតមកទល់ពេលនេះ គម្រោងចំនួន១២ ក្នុងចំណោមគម្រោងទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមអ្នកវិនិយោគ។ ក្នុងចំណោមនោះ គម្រោងចំនួន៧ បានទទួលការអនុម័តលើការវិនិយោគ និងសម្បទាន។ចំណែក គម្រោងចំនួន៤កំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព និងគម្រោងមួយទៀតកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំ។
តំបន់សេដ្ឋកិច្ចពិសេសទាំង៥ រួមមាន តំបន់អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ Xaysettha តំបន់សេដ្ឋកិច្ចពិសេស Bueng That Luang តំបន់សេដ្ឋកិច្ចពិសេស Long Thang-Vientiane តំបន់សេដ្ឋកិច្ចពិសេស Dong Pho Si និងតំបន់ Vientiane Logistics។ គម្រោងវិនិយោគលេចធ្លោ រួមមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអគារលំនៅដ្ឋាន និងរោងចក្រ។
កំណើននៃការវិនិយោគដ៏រឹងមាំនេះបានបង្ហាញពីជំហរជាយុទ្ធសាស្ត្ររបស់ទីក្រុងវៀងច័ន្ទន៍ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសឡាវ៕ប្រភព: Laotian Times៕