តើដីធ្លីនៅក្នុងទីក្រុងហូជីមិញមានតម្លៃលក់ជាផ្លូវការចំនួនប៉ុន្មាននៅក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃដីធ្លីនៅទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម ត្រូវបានប្រកាសឱ្យដឹងជាផ្លូវការ។ ក្នុងនោះ ដីធ្លីនៅតាមដងផ្លូវទីប្រជុំជនមួយចំនួន មានតម្លៃចំនួន៦៨៧,២លានដុង(ប្រហែល២៧.០៤០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ផ្ទុយទៅវិញ ដីធ្លីនៅតំបន់ជាយក្រុងហូជីម៉ិញ មានតម្លៃជាមធ្យមត្រឹមតែ២,៣លានដុងប៉ុណ្ណោះ (ប្រហែល៩០,៥០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមការកំណត់ដោយគណៈកម្មាធិការប្រជាជននៃទីក្រុងហូជីមិញ។

យោងតាមតារាងតម្លៃដីផ្លូវការ ដែលចេញផ្សាយដោយគណៈកម្មាធិការប្រជាជន នៃទីក្រុងហូជីមិញបានបង្ហាញថា ដីស្ថិតនៅលើផ្លូវ Dong Khoi ផ្លូវ Le Loi និងផ្លូវ Nguyen Hue ក្នុងសង្កាត់លេខ១ មានតម្លៃថ្លៃជាងគេបំផុត ខណៈដែលដីនៅតំបន់លំនៅដ្ឋាន Thieng Lieng ក្នុងសង្កាត់ Can Gio មានតម្លៃថោកបំផុត។

តម្លៃដីទាំងអស់ខាងលើនេះ ជាប្រភេទដីលំនៅដ្ឋាន ហើ​យតម្លៃទាំងនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីគណនាសំណងដីធ្លី ពន្ធទាក់ទងនឹងដីធ្លី និងថ្លៃសេវាសម្រាប់នីតិវិធីរដ្ឋបាល។

ដោយឡែក នៅក្នុងករណីដែលប្រជាជនទិញ ឬលក់​​ដី​ធ្លីនៅ​ក្រោម​តម្លៃ​ហាងឆេងថ្មី​នេះ ពួកគេត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរ​ ហើយអ្នកលក់ដីត្រូវបង់ពន្ធ និងថ្លៃសេវាដោយផ្អែកលើអត្រាតម្លៃដីធ្លីផ្លូវការ ដែលប្រកាសដោយគណៈកម្មាធិការប្រជាជននៃទីក្រុងហូជីមិញ។

ទីក្រុងហូជីម៉ិញ ក៏បានប្រកាសតម្លៃថ្មី សម្រាប់ដីកសិកម្ម និងដីនៅក្នុងសួនបច្ចេកវិទ្យា(Tech park)។ ដីកសិកម្មក្នុងមួយម៉ែត្រការ៉េ នឹងមានតម្លៃចន្លោះពី៤០០.០០០ ទៅ៨១០.០០០ដុង អាស្រ័យលើទីតាំង និងអាស្រ័យថា តើដីនោះត្រូវបានប្រើប្រាស់ដើម្បីដាំដំណាំស្រូវ ឬដំណាំមានអាយុកាលច្រើនឆ្នាំ។

ចំណែក តម្លៃដីនៅសួនបច្ចេកវិទ្យា សម្រាប់ប្រើប្រាស់នៅក្នុងវិស័យផលិតកម្ម នឹងកើនឡើង៧ដង ធៀបនឹងអត្រាពីមុនដល់ចំនួន១២,១៨លានដុង ក្នុងមួយម៉ែត្រការ៉េ និងកើនឡើង៨ដងដល់១៥,១២លានដុង ក្នុងមួយម៉ែត្រការ៉េចំពោះដីស្ថិតនៅលើផ្លូវ D1 និងផ្លូវ D2 ក្នុងសួនបច្ចេកវិទ្យាលំដាប់ខ្ពស់ នៅក្នុងសង្កាត់ Thu Duc ។

ជាមួយគ្នានេះ ដីធ្លីនៅក្នុងសួនបច្ចេកវិទ្យា សម្រាប់វិស័យពាណិជ្ជកម្ម និងសេវាកម្មនឹងកើនឡើង៩,១ដង ដល់ចំនួនជាង២១លានដុងក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមការដកស្រង់ដោយទីភ្នាក់ងារសារពត៌មាន Vnexpress។

រីឯ ដីប្រភេទពាណិជ្ជកម្ម និងដីដែលប្រើប្រាស់សម្រាប់វិស័យផលិតកម្ម ការអប់រំ និងការថែទាំសុខភាព នឹងមានតម្លៃចំនួន៨០ភាគរយ និងចំនួន៦០ភាគរយ នៃអត្រាតម្លៃដីលំនៅដ្ឋាន៕ប្រភព: Vnexpress៕


LEAVE A REPLY

Please enter your comment!
Please enter your name here