ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលក់រាយ ដូចជា ផ្សារទំនើប និងទីតាំងហាងលក់ទំនិញ នៅតាមដងផ្លូវធំៗនៅតាមទីក្រុងនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានតម្លៃជួល(Rental rate)ខុសៗគ្នា អាស្រ័យទៅតាមបរិបទរបស់ប្រទេសនីមួយៗ។
ខាងក្រោមនេះ ជាស្ថានភាពតម្លៃជួលទីតាំងលក់រាយ នៅទីក្រុងចំនួន៣ ក្នុងតំបន់អាស៊ាន គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤៖
ទី១: ទីក្រុងសិង្ហបុរី
នៅក្នុងត្រីមាសទី៣ តម្រូវការជួលទីតាំងលក់រាយនៅតែបន្តមានភាពរឹងមាំ ខណៈប្រតិបត្តិករក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ (F&B) បានបន្តជំរុញតម្រូវការជួលទីតាំងលក់រាយ។ ម៉ាកផលិតផលសម្រស់ និងសុខភាពក៏បន្តបង្កើនវត្តមានរបស់ខ្លួនក្នុងអំឡុងត្រីមាសទី៣ផងដែរ រួមមានម៉ាកផលិតផលថែសម្រស់ Jungsaemmool និងម៉ាកទឹកអប់ Kilian Paris។
តម្លៃជួលទីតាំងលក់រាយជាមធ្យមនៅទូទាំងទីក្រុងសិង្ហបុរីបានកើនឡើង៤,១ភាគរយធៀបនឹងឆ្នាំមុន និងកើនឡើង០,៧ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន២៦,៩៥ដុល្លារសិង្ហបុរី(ប្រហែល២០,៤១ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។
ដោយឡែក ប្រសិនបើគិតតាមតំបន់នីមួយៗនៃទីក្រុងសិង្ហបុរី តម្លៃជួលទីតាំងលក់រាយជាមធ្យម ដែលស្ថិតនៅលើផ្លូវ Orchard Road បានកើនឡើង៤,៨ភាគរយធៀបនឹងឆ្នាំមុន និងកើនឡើង០,៨ភាគរយធៀបនឹងត្រីមាសទី២ ដល់ចំនួន៣៧,៤៥ដុល្លារសិង្ហបុរី(ប្រហែល២៨,៣៧ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។
ចំណែក តម្លៃជួលទីតាំងលក់រាយជាមធ្យមនៅជាយក្រុងសិង្ហបុរីបានកើនឡើង២,១ភាគរយធៀបនឹងឆ្នាំមុន និងកើនឡើង០,៥ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន៣២,១០ដុល្លារសិង្ហបុរី(ប្រហែល២៤,៣២ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។
ទី២: ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេសុី
ការជួលទីតាំងលក់រាយក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)នៃទីក្រុងគូឡាឡាំពួរមានតម្លៃជាមធ្យមប្រមាណ២០៦,២៥រីងហ្គីត(ប្រហែល៤៧,២៦ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េនៅត្រីមាសទី៣ ខណៈស្តុកទីតាំងលក់រាយដែលមានស្រាប់(Inventory)មានផ្ទៃក្រឡាចំនួន១៨,៩៤លានហ្វីតការ៉េ និងអត្រាទីតាំងលក់រាយទំនេរចំនួន១៥,៣ភាគរយ។
ចំណែក ស្តុកទីតាំងលក់រាយនៅតំបន់ជាយក្រុងគូឡាឡាំពួរ(Kuala Lumpur Fringe)មានផ្ទៃក្រឡាចំនួន១៨,៤៣លានហ្វីតការ៉េ និងអត្រាទីតាំងលក់រាយទំនេរចំនួន១៧,៤ភាគរយ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។
ទី៣: ទីក្រុងហាណូយ ប្រទេសវៀតណាម
ទីផ្សារអចលនទ្រព្យលក់រាយនៅទីក្រុងហាណូយនៅក្នុងត្រីមាសទី៣នៅតែបន្តមានស្ថិរភាព។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Avison Young បានបង្ហាញថា ការជួលទីតាំងលក់រាយនៅតំបន់កណ្តាលទីក្រុងមានតម្លៃជាមធ្យមចាប់ពី៣៧ដុល្លារទៅ១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែក ការជួលទីតាំងលក់រាយនៅតំបន់ផ្សេងទៀតក្រៅពីនេះមានតម្លៃជាមធ្យមចាប់ពី២០ដុល្លារទៅ៨៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។រីឯ អត្រាគ្របដណ្តប់ការប្រើប្រាស់ទីតាំងលក់រាយនៅតំបន់កណ្តាលទីក្រុងហាណូយ និងតំបន់ផ្សេងៗទៀតមានអត្រា៨៦ភាគរយ និងអត្រា៧៨ភាគរយរៀងគ្នាក្នុងត្រីមាសទី៣៕ប្រភព: Cushman&Wakefield & Avison Young & CBRE៕