ឥណ្ឌាប្រកាសបោះទុនវិនិយោគ១២០ពាន់លានដុល្លារអាមេរិកដើម្បីដោះស្រាយតម្រូវការលំនៅដ្ឋានរបស់ពលរដ្ឋ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងបុមបៃ(Mumbai) បានក្លាយជាទីក្រុង ដែលមានលំនៅដ្ឋានថ្លៃ បំផុតនៅប្រទេសឥណ្ឌា។ ប្រជាជនឥណ្ឌា បានហូរចូលទៅកាន់មជ្ឈមណ្ឌល ពាណិជ្ជកម្មមួយនេះ ដើម្បីស្វែងរកឱកាសការងារ ដែលនាំឱ្យចំនួនប្រជាជនកើនឡើងដល់ជាង២១លាននាក់។

ការទិញផ្ទះ បានក្លាយជាឧបសគ្គហិរញ្ញវត្ថុដ៏ធំ សម្រាប់ប្រជាពលរដ្ឋឥណ្ឌាជាច្រើន នៅទីក្រុងបុមបៃ ដែលរកបានប្រាក់ចំណូល ជាមធ្យមចំនួន៦៥០ដុល្លារក្នុងមួយខែ។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ Square Yards បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមនៅទីក្រុងបុមបៃ បានកើនឡើង១០ភាគរយ ដល់ប្រហែល១១២.០០០ដុល្លារអាមេរិក ក្នុងត្រីមាសទីពីរនៃឆ្នាំនេះធៀបនឹងឆ្នាំមុន។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ការហក់ឡើងនៃតម្លៃផ្ទះនៅក្នុងទីក្រុង បានបង្ខំឱ្យអ្នកស្រុកជនជាតិឥណ្ឌា រាប់លាននាក់ ត្រូវរស់នៅក្នុងតំបន់អនាធិបតេយ្យ។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រដ្ឋាភិបាលរបស់លោ​កនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi គ្រោងបង្កើតផ្ទះដែលមានតម្លៃទាប រាប់ពាន់ខ្នងសម្រាប់អ្នករស់នៅ ក្នុងទីក្រុងបុមបៃ។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យនៅក្នុងទីក្រុងធំៗ។

ជាក់ស្ដែង ក្នុងរយៈពេល៥ឆ្នាំខាងមុខ រដ្ឋាភិបាលឥណ្ឌាបានប្រកាសបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជិត១២០ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយតម្រូវការលំនៅដ្ឋានរបស់គ្រួសារក្រីក្រ និងវណ្ណៈកណ្តាលចំនួន១០លាននាក់។

គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះ ជាការពង្រីកវិសាលភាពគម្រោង Pradhan Mantri Awas Yojana ដែលត្រូវបានផ្តួចផ្តើមឡើង ក្នុងឆ្នាំ២០១៥ ក្នុងគោលដៅផ្គត់ផ្គង់ផ្ទះអចិន្ត្រៃយ៍ និងមានគុណភាពសំណង់ល្អ ដល់អ្នករស់នៅក្នុងទីក្រុងទាំងអស់ត្រឹមខែមីនា ឆ្នាំ២០២២ ប៉ុន្តែគោលដៅនេះមិនទាន់សម្រេចបានជោគជ័យទេ៕ប្រភព: CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here