រដ្ឋាភិបាលវៀតណាមគ្រោងដាក់ពន្ធបន្ថែមលើម្ចាស់អចលនទ្រព្យ ដែលមានផ្ទះជាច្រើនកន្លែង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកតាក់តែងច្បាប់វៀតណាមបានស្នើឱ្យរដ្ឋសភាអនុម័តដាក់ចេញនូវគោលនយោបាយពន្ធលើបុគ្គលដែលមានអចលនទ្រព្យជាច្រើនកន្លែង ឬទុកឱ្យអចលនទ្រព្យនោះនៅទំនេរចោល។

គោលនយោបាយនេះនឹងជួយជំរុញទីផ្សារអចលនទ្រព្យប្រកបដោយនិរន្តរភាព។នេះបើយោងតាមសំណើរបស់គណៈកម្មាធិការត្រួតពិនិត្យនៃរដ្ឋសភា ដែលត្រូវបានលើកយកទៅពិភាក្សាកាលពីថ្ងៃច័ន្ទ ទី២៨ ខែតុលា។

ស្ថានភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ នៅក្នុងទីផ្សារអចលនទ្រព្យវៀតណាមមានភាពខុសគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ខុនដូតែល(Condotel)យ៉ាងតិចចំនួន១០ម៉ឺនយូនីតត្រូវបានអនុម័តដោយក្រសួងសំណង់ ហើយខុនដូរាប់ម៉ឺនយូនីតផ្សេងទៀតត្រូវបានអនុម័តដោយអាជ្ញាធរមូលដ្ឋាន។

ប៉ុន្តែ ខុនដូទាំងនោះភាគច្រើនមិនត្រូវបានលក់ចេញនោះទេ ដោយសារតែបញ្ហាផ្លូវច្បាប់។ខុនដូតែល (Condotel) ជាការច្របាច់បញ្ចូលគ្នានូវពាក្យចំនួន២ រួមមាន ខុនដូ (Condo) និងអូតែល (Hotel) ទើបក្លាយជាខុនដូតែល។ ដូច្នេះ ខុនដូតែល ជាខុនដូដែលបម្រើសេវាកម្មបែបស្តង់ដាសណ្ឋាគារ។

ដោយឡែក តម្លៃអចលនទ្រព្យផ្សេងទៀតដូចជា តម្លៃអាផាតមុិន​បាន​ហក់​​ឡើង​ថ្លៃខ្ពស់កប់ពពកលើស​ពីលទ្ធភាព​របស់​អ្នក​ទិញ​។ ការផ្គត់ផ្គង់អាផាតមុិនប្រណីតបានកើនឡើងលើសតម្រូវការ ខណៈការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យបានជួបប្រទះភាពខ្វះខាត។

អាជ្ញាធរមូលដ្ឋានភាគច្រើនបានបរាជ័យក្នុងការសម្រេចបាននូវកូតាសាងសង់លំនៅដ្ឋានសង្គមរបស់ខ្លួន។តួយ៉ាង ទីក្រុងហូជីមិញបានសាងសង់លំនៅដ្ឋានសង្គមចំនួន៩% នៃគោលដៅ ខណៈរដ្ឋធានីហាណូយសម្រេចបានការសាងសង់លំនៅដ្ឋានសង្គមត្រឹមតែ១៩%ប៉ុណ្ណោះនៃគោលដៅ។

គម្រោងអចលនទ្រព្យជាច្រើនបានស្ថិតក្នុងសភាពជាប់គាំង ដោយពុំទទួលបានអាជ្ញាប័ណ្ណ ដែលបណ្តាលឱ្យអ្នកអភិវឌ្ឍន៍ពន្យារពេលក្នុងការចាប់ផ្តើមសាងសង់គម្រោងថ្មី។

រដ្ឋាភិបាលវៀតណាមបាននឹងកំពុងពិភាក្សាអំពីការដាក់ពន្ធលើផ្ទះបន្ថែមទៀតក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ដើម្បីកាត់បន្ថយការទិញទុកលក់ចំណេញ។ប៉ុន្តែ គេពុំទាន់ឃើញមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនោះទេ។

យោងតាមការស្ទង់មតិរបស់សារពត៌មាន VnExpress លើមិត្តអ្នកអានចំនួន៣២.០០០នាក់ បង្ហាញថា អ្នកអានចំនួនជិត៧០% គាំទ្រការដាក់ពន្ធបន្ថែមទៀតលើបុគ្គល ដែលមានអចលនទ្រព្យលើសពី១កន្លែង និងអចលនទ្រព្យដែលត្រូវបានទុកឲ្យនៅទំនេរចោល៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here