ឥណ្ឌូនេស៊ី​គ្រោងសាងសង់​ព្រលាន​យន្តហោះ​ទី​២​នៅ​លើកោះ​បាលី​ ខណៈ​វិស័យទេសចរណ៍​ ស្ទុះ​ងើប​ឡើង​វិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេសុីក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីលោក Prabowo Subianto គ្រោងពន្លឿនគម្រោងសាងសង់ព្រលានយន្តហោះទី២នៅលើកោះបាលី បន្ទាប់គម្រោងនេះត្រូវបានពន្យារពេលជាយូរមកហើយ។

លោក Prabowo បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ។នៅពេលសាងសង់រួចរាល់ ព្រលានយន្តហោះថ្មីទី២ នឹងជួយកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋានចាស់ Gusti Ngurah Rai។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតសិង្ហបុរី The Straits Times ដោយដកស្រង់សម្តីអ្នកនយោបាយឥណ្ឌូនេស៊ីមួយរូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណ។

ឥណ្ឌូនេស៊ីគ្រោងសាងសង់អាកាសយានដ្ឋានទី២នេះ នៅក្នុងស្រុក Kubutambahan ដែលស្ថិតនៅភាគខាងជើងនៃកោះបាលី។ អ្នកដំណើរត្រូវចំណាយពេលចំនួន២ម៉ោង ក្នុងការធ្វើដំណើរតាមផ្លូវចេញពីទីក្រុង Denpasar នៃខេត្តបាលី។

គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសឡើង បន្ទាប់ពីវិស័យទេសចរណ៍របស់កោះបាលីបានស្ទុះងើបឡើងវិញ។ កាលពីឆ្នាំមុន កោះនេះទទួលបានភ្ញៀវទេសចរណ៍ចំនួន១៥,៥លាននាក់។តួលេខនេះជិតស្មើនឹងកម្រិតក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

ដោយឡែក ក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំ២០២៤នេះ ភ្ញៀវទេសចរណ៍ចំនួន៣,៨៩លាននាក់បានចូលមកកំសាន្តកោះបាលី កើនឡើងពីចំនួន២,៩លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីភ្នាក់ងារសារពត៌មាន Bloomberg បានរាយការណ៍ថា ផែនការសាងសង់អាកាសយានដ្ឋានទី២ ត្រូវបានស្នើឡើងជាលើកដំបូងក្នុងឆ្នាំ២០២០។ ប៉ុន្តែគម្រោងនេះបានប្រឈមនឹងការពន្យារពេល ដោយសារកង្វះការគាំទ្រពីរដ្ឋបាលក្នុងតំបន់របស់កោះបាលី។

គម្រោងនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយពេលពី២ឆ្នាំ ឬ៣ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ អាកាសយានដ្ឋានទី២ នឹងមានសមត្ថភាពបម្រើអ្នកដំណើរ ចំនួន២០លាននាក់ក្នុងមួយឆ្នាំ និងអាចផ្ទុកយន្តហោះដែលមានតួខ្លួនធំដូចជា យន្តហោះ Boeing 777-300 និងយន្តហោះ Airbus A380៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here