លោក Zhang Yiming ម្ចាស់វេទិកាសង្គម TikTok ក្លាយជាមហាសេដ្ឋីមានលុយច្រើនជាងគេក្នុងប្រទេសចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ByteDance ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ក្លាយជាមហាសេដ្ឋីធំបំផុតរបស់ប្រទេសចិន។ លោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចំនួន៤៩,៣ពាន់លានដុល្លារ។

លោ​កZhang មានវ័យ៤១ឆ្នាំ បានលាលែងចេញពីមុខតំណែ​ងជានាយកប្រតិបត្តិក្រុមហ៊ុន ByteDance ក្នុងឆ្នាំ២០២១​។

នៅពេលនេះ លោកបានក្លាយជាបុគ្គលទី១៨ ដែលបានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋី មានជាងគេបំផុតរបស់ប្រទេសចិន គិតចាប់តាំងពីបញ្ជីរាយឈ្មោះមហាសេដ្ឋីចិន Hurun China ប្រចាំឆ្នាំត្រូវបានចេញផ្សាយ ជាលើកដំបូងក្នុងឆ្នាំ១៩៩៩។

លោក Zhang បានវ៉ាដាច់លោក Zhong Shanshan ដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ២។ ទ្រព្យសម្បត្តិរបស់លោក Zhong មហាសេដ្ឋី ក្រុមហ៊ុនផលិតទឹកសុទ្ធ Nongfu បានធ្លាក់ចុះ២៤% មកនៅត្រឹម៤៧,៩ពាន់លានដុល្លារ។ នេះបើយោងតាមបញ្ជី Hurun ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ។

ទោះបីជាមានការតតាំងគ្នាតាមផ្លូវច្បាប់ ដើម្បីរក្សាវត្តមានរបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok នៅសហរដ្ឋអាមេរិកយ៉ាងណាក្តី ក៏ប្រាក់ចំណូលសកលរបស់ក្រុមហ៊ុន ByteDance បានកើនឡើង៣០% កាលពីឆ្នាំមុនដល់ចំនួន១១០ពាន់លានដុល្លារ។ ការណ៍នេះ បានជួយជំរុញកំណើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Zhang។

រីឯតំណែងជាមហាសេដ្ឋីធំបំផុតទី៣ នៅក្នុងប្រទេសចិនបានទៅលើលោក Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent ខណៈលោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings បានធ្លាក់មកនៅចំណាត់ថ្នាក់ទី៤។

យ៉ាងណាមិញ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកល្បីៗ ដែ​លផ្តោតលើការលក់ទំនិញ បញ្ចុះតម្លៃរបស់ក្រុមហ៊ុន PDD Holdings រួមមានវេទិកា Pinduoduo និងវេទិកា Temu នៅតែបន្តបង្ហាញពីកំណើននៃប្រាក់ចំណូល ប្រកបដោយសុខភាពល្អ។

ចំនួនមហាសេដ្ឋីចិន ដែលជាប់ឈ្មោះក្នុងបញ្ជី Hurun បានធ្លាក់ចុះ១៤២រូប មកនៅសល់ត្រឹមតែ៧៥៣រូបប៉ុណ្ណោះ។ តួលេខនេះ ក៏បានសរបញ្ជាក់ឱ្យឃើញផងដែរ ពីការធ្លាក់ចុះជាងមួយភាគបី បើធៀបនឹងកម្រិតកំពូល កាលពីឆ្នាំ២០២១៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here