តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈដែលសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិកបានកើនឡើងស្របតាមការរំពឹងទុកក្នុងរង្វង់០,២ភាគរយនៅក្នុងខែកញ្ញាធៀបនឹងខែសីហា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២១ភាគរយដល់២៧៤៩,៥៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៧ភាគរយដល់២៧៥៩,៤០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧៤៣,៨០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៤៩,៣០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយនៅសប្តាហ៍ក្រោយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតនៅទ្រឹងត្រឹម១០៣,៩៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,៩៨ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១៨%ដល់៣២,៨៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១៨%ដល់៩៩៧,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៨%ដល់១១១២,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here