ដោយ: គង់ លាងហួរ
អន្តរជាតិ: ខុនដូភាគច្រើន នៅក្នុងប្រទេសសិង្ហបុរីមានតម្លៃខ្ពស់ ជាងបណ្តាប្រទេសផ្សេងទៀត ដោយសារខុនដូទាំងនោះ ផ្តល់ជូននូវរបៀបរស់នៅដ៏ប្លែក និងការរចនាលំដាប់ពិភពលោក។
លើសពីនេះ ខុនដូមានភាពប្រណីត និងស្ថិតនៅទីតាំងសំខាន់ៗ រួមជាមួយស្ថាបត្យកម្ម និងបរិក្ខារទំនើប។
ខាងក្រោមនេះជាអគារចំនួន៥ ដែលមានតម្លៃខុនដូថ្លៃជាងគេបំផុតនៅប្រទេសសិង្ហបុរី គិតត្រឹមខែតុលា ឆ្នាំ២០២៤។
ទី១: អគារ Klimt Cairnhill
តម្លៃខុនដូនៅអគារ Klimt Cairnhill មានទំហំទឹកប្រាក់ចំនួន៣.៦៤៥ដុល្លារសិង្ហបុរី (ប្រហែល២.៧០៧ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ។ អគារខុនដូ Klimt Cairnhill ច្របាច់បញ្ចូលគ្នានូវបេតិកភណ្ឌ និងប្រណីតភាពដ៏ទំនើប ដែលធ្វើឱ្យអគារនេះក្លាយជាជម្រើសកំពូល នៃការរស់នៅបែបប្រណីត ក្នុងប្រទេសសិង្ហបុរី។
អគារនេះមានទីតាំងនៅសង្កាត់លេខ៩ លើដងវិថី Cairnhill Road នៃទីក្រុងសិង្ហបុរី ដែលមានខុនដូចំនួន១៣៨យូនីត និងត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុនអចលនទ្រព្យ Glopeak Development Pte Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Low Keng Huat Ltd.។
ទី២: អគារ 19 Nassim
អគារខុនដូ 19 Nassim ច្របាច់លាយបញ្ចូលគ្នា នូវការរស់នៅដ៏ទំនើប និងសម្រស់ធម្មជាតិ។ ខុនដូនៅក្នុងអគារនេះ មានទំហំទឹកប្រាក់ចំនួន៣.៥១២ដុល្លារសិង្ហបុរី (ប្រហែល២.៦០៨ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។
អគារ 19 Nassim មានទីតាំងនៅសង្កាត់លេខ១០ លើដងវិថី Nassim Hill ដែលមានខុនដូចំនួន១០១យូនីត និងត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុនអចលនទ្រព្យ Keppel Land ។
ទី៣: អគារ 8 Napier
អគារ 8 Napier ផ្តល់ជូននូវបរិយាកាសរស់នៅ ដ៏ស្ងប់ស្ងាត់ ស្ថិតនៅជិតឧទ្យាន Botanic Gardens។ ខុនដូក្នុងអគារនេះ មានទំហំទឹកប្រាក់ចំនួន៣.៤៧៨ដុល្លារសិង្ហបុរី (ប្រហែល២.៥៨៣ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ ជាជម្រើសកំពូលសម្រាប់អតិថិជន ដែលស្វែងរកទាំងភាពប្រណីត និងភាពស្ងប់ស្ងាត់។
អគារ 8 Napier មានទីតាំងនៅសង្កាត់លេខ១០ លើដងវិថី Napier Road ដែលមានខុនដូចំនួន៤៦យូនីត និងត្រូវបានអភិ វឌ្ឍន៍ឡើង ដោយក្រុមហ៊ុនអចលនទ្រព្យ NAPIER PROPERTIES PTE LTD។
ទី៤: អគារ Perfect Ten
អគារ Perfect Ten ផ្តល់ជូននូវភាពប្រណីត និងផាសុកភាព ជាមួយនឹងទីតាំងដ៏ធំទូលាយ និងការរចនាម៉ូដដ៏ប្រណីត ដែលធ្វើឱ្យអគារនេះ មានភាពលេចធ្លោ ហើយខុនដូមានតម្លៃចំនួន៣.៤០៣ដុល្លារសិង្ហបុរី (ប្រហែល២.៥២៧ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ។
អគារ Perfect Ten មានទីតាំងនៅសង្កាត់លេខ១០ លើដងវិថី Bukit Timah ដែលមានខុនដូចំនួន២៣០យូនីត និងត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុនអចលនទ្រព្យ Japura Development Pte. Ltd.។
ទី៥: អគារ South Beach Residences
អគារ South Beach Residences ជាអគារស្ថាបត្យកម្មដ៏ទាក់ទាញ ដោយរួមបញ្ចូលគ្នានូវការរស់នៅដ៏ប្រណីត ជាមួយនឹងការរចនា ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ខុនដូក្នុងអគារនេះមានទំហំទឹកប្រាក់ចំនួន៣.៣៩៨ដុល្លារសិង្ហបុរី (ប្រហែល២.៥២៣ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។
អគារ South Beach Residences មានទីតាំងនៅសង្កាត់លេខ៧ លើដងវិថីBeach Road ដែលមានខុនដូចំនួន១៨៨យូនីត និងត្រូវបានអភិវឌ្ឍន៍ឡើងរួមគ្នា ដោយក្រុមហ៊ុនអចលនទ្រព្យ City Developments Limited (CDL) និងក្រុមហ៊ុន IOI Properties Group Berhad៕ប្រភព: Property.net.sg៕