ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានបង្ហាញពីការប្រែប្រួលជាវិជ្ជមាន ខណៈអត្រាថយចុះនៃតម្លៃផ្ទះបានរួមតូច ការលក់កើនឡើង និងទំនុកចិត្តទីផ្សារកាន់តែប្រសើរឡើង ខណៈគោលនយោបាយគាំទ្រ លំនៅដ្ឋានថ្មីៗបានចូលជាធរមាន។
យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា អត្រាធ្លាក់ចុះ នៃតម្លៃផ្ទះនៅក្នុងទីក្រុងខ្នាតធំ និងខ្នាតមធ្យមចំនួន៧០របស់ប្រទេសចិន បានរួមតូចនៅក្នុងខែតុលាធៀបនឹងខែកញ្ញា។
តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងលំដាប់ទី១ របស់ប្រទេសចិន ដូចជា ប៉េកាំង សៀងហៃ ក្វាងចូវ និង ស៊ិនជិន បានធ្លាក់ចុះត្រឹមតែ០,២ភាគរយនៅខែតុលា។ អត្រានេះមានការរួមតូច បើប្រៀបធៀបនឹងការធ្លាក់ចុះ០,៥ភាគរយ កាលពីខែកញ្ញា។ នេះបើយោងតាមការិយាល័យ NBS។
តម្លៃផ្ទះប្រភេទទី២(Second-hand) នៅក្នុងទីក្រុងលំដាប់ទីមួយ បានកើនឡើង០,៤ភាគរយ នៅក្នុងខែតុលា បន្ទាប់ពីធ្លាក់ចុះ១,២ភាគរយ នៅក្នុងខែកញ្ញា និងជាការកើនឡើងលើកដំបូង មិនធ្លាប់មានក្នុងរយៈពេល១៣ខែ។
ការិយាល័យស្ថិតិជាតិចិន (NBS) បានបញ្ជាក់បន្ថែមថា តម្លៃផ្ទះថ្មី និងតម្លៃផ្ទះប្រភេទទី២ នៅទីក្រុងលំដាប់ទី២ និងទី៣ បានធ្លាក់ចុះ នៅក្នុងអត្រាកាន់តែតូចជាងមុន ក្នុងខែតុលា។
លោក Wang Zhonghua អ្នកជំនាញស្ថិតិរបស់ការិយាល័យ NBS បានលើកឡើងថា “ទីផ្សារអចលនទ្រព្យចិន បានបង្ហាញនូវភាពប្រសើរឡើងបន្ថែមទៀត នៅក្នុងខែតុលា ដោយសារតម្លៃផ្ទះ នៅក្នុងទីក្រុងនានារបស់ប្រទេសចិន បានកើនឡើង ឬធ្លាក់ចុះក្នុងល្បឿនយឺតជាងខែមុនៗ”។
កាលពីចុងខែកញ្ញាកន្លងទៅ អាជ្ញាធរចិនបានប្តេជ្ញាទប់ទល់នឹងការធ្លាក់ចុះ នៃទីផ្សារអចលនទ្រព្យ និងប្តេជ្ញាធ្វើឱ្យវិស័យនេះមានស្ថិរភាពវិញ។ ប្រទេសចិនបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជំរុញទីផ្សារ រួមមានការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ ការកាត់បន្ថយប្រាក់កក់ និងការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ៕ប្រភព: Xinhua៕