ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់គ្រប់គ្រងការយកពន្ធលើប្រាក់ចំណូល និងការចំណាយលើការជួញដូររូបិយបណ្ណគ្រីបតូ ក៏ដូចជាការទិញ និងការលក់រូបិយបណ្ណគ្រីបតូផងដែរ។
ចំពោះប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ នឹងមិនជាប់ពន្ធអាករលើតម្លៃបន្ថែម(VAT)នោះទេ។ ប្រាក់ចំណូលពីប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ នឹងត្រូវបានគិតរួមបញ្ចូលនៅក្នុងមូលដ្ឋានពន្ធរួមមួយ រួមជាមួយនឹងប្រាក់ចំណូលពីប្រតិបត្តិការមូលបត្រ។
ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួននឹងត្រូវបានកំណត់ក្នុងរង្វង់១៣ភាគរយ ចាប់ពីឆ្នាំ២០២៥ ហើយអត្រាពន្ធនេះនឹងត្រូវបានដំឡើងដល់១៥% ប្រសិនបើប្រាក់ចំណូលប្រចាំឆ្នាំរបស់បុគ្គលម្នាក់មានទំហំលើសពី២,៤លានរូប្លិ៍(ប្រមាណ២២.៦៤៣ដុល្លារអាមេរិក)។
មូលដ្ឋាននៃការគិតពន្ធនឹងត្រូវបានគណនា ដោយផ្អែកទៅលើសម្រង់ទីផ្សារនៃរូបិយប័ណ្ណគ្រីបនៅចំថ្ងៃកាលបរិច្ឆេទ ដែលប្រាក់ចំណូលត្រូវបានទទួលបានពីទីផ្សារ។
ច្បាប់ខាងលើនេះបានចែងថា សម្រង់ទីផ្សារ (Market quotation) សំដៅលើតម្លៃបិទ ដែលកំណត់ដោយអ្នករៀបចំការជួញដូរបរទេស(Organizer) រួមទាំងការផ្លាស់ប្តូរនៃប្រតិបត្តិការប្រចាំថ្ងៃផងដែរ។
បណ្តាអ្នករៀបចំការជួញដូរបរទេស រួមមានដូចជា ផ្សារមូលបត្រ(Exchange) ត្រូវបានកំណត់ថា ជាអង្គភាពមួយ ដែលមានបរិមាណនៃការជួញដូររូបិយប័ណ្ណគ្រីបតូប្រចាំថ្ងៃក្នុងទំហំទឹកប្រាក់លើសពី១០០ពាន់លានរូប្លិ៍។ ជាងនេះទៅទៀត ទិន្នន័យនៃសម្រង់ទីផ្សារត្រូវតែត្រូវបានបោះពុម្ពនៅលើគេហទំព័រផ្លូវការរបស់ផ្សារមូលបត្រយ៉ាងហោចណាស់៣ឆ្នាំចុងក្រោយនេះ។
តម្លៃបិទរបស់រូបិយប័ណ្ណគ្រីបតូត្រូវតែប្តូរទៅជារូបិយបណ្ណក្នុងស្រុករបស់រុស្សុី ដោយផ្អែកតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីនៅថ្ងៃ ដែលប្រាក់ចំណូលត្រូវបានទទួល។
ច្បាប់នេះក៏បានតម្រូវឱ្យប្រតិបត្តិករជួញដូរគ្រីបតូមានកាតព្វកិច្ចក្នុងការរាយការណ៍អំពីការបង់ពន្ធផងដែរ។ ប្រតិបត្តិករទាំងនេះត្រូវតែរាយការណ៍ព័ត៌មានទៅកាន់អាជ្ញាធរពន្ធដាររបស់រុស្សុីអំពីសកម្មភាពវិនិយោគលើគ្រីបតូរបស់បុគ្គល ដែលប្រើប្រាស់សេវាកម្មហេដ្ឋារចនាសម្ព័ន្ធគ្រីបតូរបស់ពួកគេ។
ជាមួយគ្នានេះ របាយការណ៍ត្រូវតែដាក់ជូនជារៀងរាល់ត្រីមាសក្នុងទម្រង់អេឡិចត្រូនិកមិនឱ្យលើសពីថ្ងៃទី២៥នៃខែបន្ទាប់។ ចំពោះក្នុងករណីខកខានមិនបានបំពេញតាមកាលកំណត់នេះនឹងត្រូវពិន័យជាទឹកប្រាក់ចំនួន៤០.០០០រូប្លិ៍។
ច្បាប់នេះបានកំណត់ទៀតថា ប្រាក់ចំណូល និងការចំណាយលើប្រតិបត្តិការរូបិយបណ្ណគ្រីបតូនឹងត្រូវបានគិតរួមបញ្ចូលនៅក្នុងមូលដ្ឋានពន្ធទូទៅ ហើយច្បាប់នេះនឹងចូលជាធរមាននៅចំថ្ងៃកាលបរិច្ឆេទនៃការបោះពុម្ពច្បាប់នេះជាផ្លូវការ៕ប្រភព: Interfax៕